ក្រុមឧក្រិដ្ឋជន១ក្រុមបានប្រើហិ..ង្សា វា..យទៅលើជនរងគ្រោះចំនួន០៦នាក់ ដែលព្យាយាមរត់ចេញពីកាស៊ីណូមួយកន្លែង ហើយត្រូវមេការជនជាតិចិននិងសន្តិសុខកាស៊ីណូដេញតាមទាន់ ព័ទ្ធវាយទៅលើក្រុមជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ
ខេត្តស្វាយរៀង ៖ ក្រុមឧក្រិដ្ឋជន១ក្រុមបានប្រើហិង្សា វាយទៅលើជនរងគ្រោះចំនួន០៦នាក់ដែលព្យាយាមរត់ចេញពីកាស៊ីណូមួយកន្លែង ហើយត្រូវមេការជនជាតិចិននិងសន្តិសុខកាស៊ីណូដេញតាមទាន់ ព័ទ្ធវាយទៅលើក្រុមជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ ត្រូវប្រជាពលរដ្ឋនៅក្បែរនោះថតរូបភាពបានហើយបង្ហោះលើបណ្តាញសង្គម ដោយដាក់ការសង្ស័យថា ជាករណីចាប់ជម្រិតនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគបាលក្រុងបាវិត បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២២និង០០នាទីយប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា «ចិនធ្វើការអនឡាញនៅក្រុងបាវិតខេត្តស្វាយរៀងលួចរត់ត្រូវបាន ក្រុមកាងដេញចាប់វ៉ៃគ្នាដូចសត្វធាតុ។ មិនថាជនជាតិអ្វីទេលោកអើយការងារតាមអនឡាញ ឆបោក ចាប់ជំរិត កំពុងប្រមូលលុយនៅក្រុងបាវិតខេត្តស្វាយរៀង។ ទី29 ខែមករាឆ្នាំ2025»។
រួចមក លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។
ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ឈានដល់ការកំណត់មុខសញ្ញាបាន សមត្ថកិច្ចយើងបានចុះបង្ក្រាបនិងរំដោះជនរងគ្រោះជាជនជាតិវៀតណាម ចំនួន ១៤នាក់ (ក្នុងនោះរបួសធ្ងន់ ០៦នាក់បានបញ្ជូនទៅ សម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត និងអ្នករបួសស្រាល ០៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ) និងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ (ខ្មែរ ០៨នាក់ ចិន ០៤នាក់) យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទាំង ១២នាក់មាន ៖ ១-ឈ្មោះ ហ្គួ សុង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេសន្តិសុខ ជនជាតិចិន
២-ឈ្មោះ លីវ វ៉ី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន
៣-ឈ្មោះ ចូ ហុងពីង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ជនជាតិចិន
៤-ឈ្មោះ មីវ យៀនសិ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ជនជាតិចិន
៥-ឈ្មោះ ទេព មានុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៦-ឈ្មោះ ឆុន ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៧-ឈ្មោះ ឡេង សុផាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៨-ឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
៩-ឈ្មោះ សកា វែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
១០-ឈ្មោះ ខែម ខួច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
១១-ឈ្មោះ ប៉ោ ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរសន្តិសុខ ជនជាតិខ្មែរ
១២-ឈ្មោះ ឃាន ប៉ាទី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមសន្តិសុខ ជនជាតិខ្មែរ។
ជនសង្ស័យទាំង១២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការតាមនីតិវិធី។
បើតាមមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា មូលហេតុ នាំឲ្យមានអំពើហិង្សា នេះ គឺដោយក្រុមជនរងគ្រោះមកលេងល្បែងក្នុងកាស៊ីណូ ចាញ់អស់ប្រាក់ ហើយខ្ចីលុយមេការ លេងរហូតអស់ប្រាក់ទៀតក៏នាំគ្នា រត់ចេញពីកាស៊ីណូ ចេតនាមិនចង់សងប្រាក់ ទើបកើតរឿងហិង្សាតែម្តង នេះពុំមែនជាករណីជម្រិតទារប្រាក់ទេ ៕