លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសមាជិកសមាគមសិល្បករខ្មែរ ជួបពិភាក្សារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើកកម្ពស់តម្លៃស្ត្រី និងយេនឌ័រនៅក្នុងសង្គមកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើកកម្ពស់តម្លៃស្ត្រី និងយេនឌ័រនៅក្នុងសង្គមកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលថ្ងៃខាងមុខ ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសសីលធម៌ សុជីវធម៌ របស់ស្ត្រីខ្មែរ ធ្វើយ៉ាងណាដើម្បីឱ្យការស់នៅរបស់យុវជននាសម័យនេះ នៅក្នុងសង្គមប្រកបដោយសុខសុភមង្គល មិនមានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារមិនមានអំពើហិង្សា ជៀសផុតពីការបោកប្រាស់ជាដើម។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងថា សិល្បករ-សិល្បការិនី ពិតជាមានឥទ្ធិពលយ៉ាងធំធេង ចំពោះអ្នកគាំទ្រ ជាពិសេសក្រុមយុវវ័យ ទាំងអាកប្បកិរិយា សម្លៀកបំពាក់ របៀបរបបនៃការនិយាយស្តី ឬក៏ការតុបតែងខ្លួនជាដើម។ ដូច្នេះ ហើយការបញ្ច្រៀបសារអប់រំណាមួយ ដល់ក្រុមគោលដៅនោះ ពិតជាមានភាពងាយស្រួលតាមរយៈអ្នកសិល្បៈដែលមានប្រជាប្រិយភាព មានការគាំទ្រច្រើន។
បន្ថែមពីលើនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏ស្វែងរកការជួយសម្រួលការផលិតវីដេអូខ្លីៗ តែមានខ្លឹមសារគ្រប់គ្រាន់ ដូចជាការផលិតវីដេអូអប់រំស្តីពីថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ ការរៀបចំការប្រគំតន្ត្រីក្នុងថ្ងៃ ៨មីនា ការស្វែងរកទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី ដែលអាចជ្រើសចេញពីអ្នកសិល្បៈដែលមានប្រជាប្រិយភាព ឬពីក្រសួងកិច្ចនារីផ្ទាល់ជាដើម។
ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលសំណើទាំងអស់របស់លោកជំទាវរដ្ឋមន្ត្រី ដើម្បីយកមកពិភាក្សាជាមួយក្រុមការងារ រកដំណោះស្រាយជូនដល់ក្រសួងទៅតាមលទ្ធភាព ដែលសមាគមអាចធ្វើបាន ក្នុងន័យចូលរួមជាមួយក្រសួងកិច្ចនារី ដើម្បីជាផលប្រយោជន៍រួមគ្នារបស់សង្គមជាតិទាំងមូល៕