ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង

នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយលោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង និងសហការីបានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះត្រួតពិនិត្យនេះគឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ទឹកសម្រាប់ប្រជាជនក្នុងការធ្វើកសិកម្មចម្រុះរួមមាន ការធ្វើស្រែប្រាំង និងដំណាំផ្សេងៗ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យទំនប់ទឹកអូរចាប ទំនប់ទឹកអូរពូក ទំនប់ទឹក ក២០ និងទំនប់ទឹកអូរខ្លី ដែលអាងទឹកទាំងនេះមានសមត្ថភាពស្តុកទឹកសរុបប្រមាណ ៥លានម៉ែត្រគូប និងជាប្រភពទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ១ ០០០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ខេត្តស្ទឹងត្រែងមានសណ្ឋានដីជាតំបន់ខ្ពង់រាប ហើយមានប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងចំនួន ១៦ហិកតា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា និងអាទិភាពគន្លឹះមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា និងបានពិនិត្យមើលគម្រោងអភិវឌ្ឍន៍បន្ថែម ដែលអាចជួយលើកកម្ពស់វិស័យធនធានទឹកនៅក្នុងស្រុកសេសាន នៅពេលអនាគត។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំមន្ទីរត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារស្រោចស្រព និងត្រូវត្រៀមជានិច្ចសម្រាប់ធ្វើការអន្តរាគមន៍បន្ទាន់ក្នុងករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល៕

អត្ថបទដែលជាប់ទាក់ទង