ដុំដែកមិនដឹងប្រភព ធ្លាក់បំផ្លាញផ្ទះ និងបន្ទប់ជួលប្រជាពលរដ្ឋ សំណាងមិនមានអ្នករបួសធ្ងន់ ឬគ្រោះថ្នាក់ដល់ជីវិត

(ភ្នំពេញ)៖ ដែក៣ដុំធំៗមិនទាន់ដឹងប្រភព បានធ្លាក់ទៅលើផ្ទះ និងបន្ទប់ជួលរបស់ប្រជាពលរដ្ឋខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងកាលពី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពួកគាត់កំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែដុំដែកមិនដឹងប្រភពបានធ្លាក់លើផ្ទះពួកគាត់ និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះតែម្ដង។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុមិនដឹងថា ដុំដែកនោះ មិនដឹងធ្លាក់មកពីណានោះឡើយ ខណៈនៅកន្លែងកើតហេតុពុំមានការដ្ឋានសំណង់ខ្ពស់ៗនោះឡើយ។ ដុំដែកនោះ ក្នុងមួយដុំៗមានទម្ងន់រាប់សិបគីឡូក្រាម។
ផ្ទះ និងបន្ទប់ជួល ដែលរងទម្ងន់ដែកនោះ បានរងការខូចខាតយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា ហេតុការណ៍នេះ មិនបណ្តាលឱ្យពលរដ្ឋរងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ គ្រាន់តែរងរបួសស្រាល។
ក្រោយកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកាន់កន្លែងកើតហេតុ និងរកប្រភពដែកនោះ៕

អត្ថបទដែលជាប់ទាក់ទង