ស៉ីម៉ាក់ផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្ន នៅខេត្តចំនួន៨ ដោយសារដៃគូផ្តល់ជំនួយ ត្រូវបានរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ ក្នុងក្របខណ្ឌទូទាំងពិភពលោក
(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានជូនដំណឹងអំពីការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន នៅខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង ដោយសារតែអង្គការជាដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក។
ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានបង្ហាញសេចក្តីសោកស្តាយ និងបានជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង អំពីកម្លាំងអង្គភាពស៉ីម៉ាក់ ដែលកំពុងប្រតិបតិ្តការប្រចាំទិសខេត្តទាំងអស់ខាងលើនេះ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល ៨៥ថ្ងៃគិតពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី។
លោកបញ្ជាក់ថា ការផ្អាកប្រតិបត្តិការនេះ មូលហេតុអង្គការជាដៃគូ ដែលទទួលជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគាំទ្រកិច្ចសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់នោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្អាកការផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក ក្នុងនោះក៏ប៉ះពាល់ដល់បណ្តាអង្គការដៃគូមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ។
បើតាមលោក ហេង រតនា ថ្នាក់ដឹកនាំអង្គភាពស៉ីម៉ាក់ និងដៃគូអភិវឌ្ឍន៍ បានមមាញឹកសម្របសម្រួលជាមួយមន្ត្រីទទួលបន្ទុកគម្រោងជំនួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌នេះ ដែលជំនួយរបស់រដ្ឋាភិបាលអាមេរិក ផ្តល់ដល់អង្គការដៃគូសហប្រតិបត្តិការជាមួយអង្គភាពស៉ីម៉ាក់នេះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការ របស់កម្លាំងអង្គភាពស៉ីម៉ាក់ ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះរបស់សហរដ្ឋអាមេរិក ជាសំណល់សង្គ្រាមនៅកម្ពុជា។
លោកអគ្គនាយកបន្ថែមថា ជំនួយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជូនអង្គភាពស៉ីម៉ាក់ តាមរយៈអង្គការដៃគូក្នុងរយៈពេល ៤៥ខែ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានថវិកាសរុបចំនួន ៦ ៣៥៥ ៧២០ដុល្លារអាមេរិក គាំទ្រកម្លាំងជំនាញបច្ចេកទេសចំនួនជិត ២០០នាក់។
បើគិតក្នុងរយ:ពេលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ចុងខែមករា ឆ្នាំ២០២៥នេះ អង្គភាពស៉ីម៉ាក់ទិសខេត្តខាងលើ បានធ្វើការបោសសម្អាតចម្កាគ្រាប់សរុបចំនួន ៥៦១ពហុកោណ មានទំហំផ្ទៃដីចំនួន ១១ ១៩៥ហិកតា រុករកឃើញកម្ទេកចោលគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ២៧ ០២២គ្រាប់ ក្នុងនេះមានគ្រាប់បែកចង្កោមចំនួន ១៧ ៩៧១គ្រាប់ និងគ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំចំនួន ៦៩គ្រាប់។
លោក ហេង រតនា បានអំពាវនាវផងដែរថា ក្នុងពេលវេលានេះ ក្នុងគោលបំណងកាត់បន្ថយការលំបាក របស់អាជ្ញាធរ និងប្រជាពលពលរដ្ឋ ក្នុងការប្រឈមបញ្ហាគ្រាប់មីន និងសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម សូមអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តទាំងអស់ខាងលើ មេត្តាសហការជាមួយកម្លាំងស្ម័គ្រចិត្តផ្តល់ព័ត៌មានជាង ១ ០០០នាក់របស់អង្គភាពស៉ីម៉ាក់ និងកម្លាំងនគរបាលជាតិ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីអង្គភាពស៉ីម៉ាក់អាចបញ្ជូនកម្លាំងជំនាញ ពីគម្រោងផេ្សងទៅជួយគាំទ្រ ធ្វើការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសំដៅធានាដល់សុខសុត្ថិភាព របស់ប្រជាពលរដ្ឋតាមសំណើចាំបាច់៕