ចាំបុរសនៅខេត្តក្រចេះ ត្រូវថៅកែប្តឹងរឿងឆ្កែទេ? ក្រោមការជួយរបស់សម្តេចតេជោ ហ៊ុន សែន ពន្លឺជីវិតថ្មីបានលេចឡើងហើយ ជាមួយហាងនំឈ្មោះ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»

(ភ្នំពេញ)៖ «ហាងនំប៉័ងសម្ដេចតាចិត្តធម៌» ជាឈ្មោះយីហោហាងនំរបស់លោក ណន សុខហេង លើទឹកដីខេត្តក្រចេះ។ តើបងប្អូននៅចងចាំរឿងរ៉ាវរបស់លោក ណន សុខហេង ដែរទេ?
លោក ណន សុខហេង ជាអ្នកខេត្តក្រចេះ ដែលរសាត់អណ្តែតឆ្ងាយផ្ទះស៊ីឈ្នួលគេ ព្រោះខឹងថៅកែមិនបើកលុយឱ្យក៏ចាំឆ្កែរបស់គេទៅ។ បន្ទាប់មកម្ចាស់ឆ្កែ បានប្តឹងលោក ណន សុខហេង ឡើងតុលាការ។ ក្រោយដំណឹងគួរឱ្យអាសូរនេះ បានឮដល់សម្តេចតេជោ ហ៊ុន សែន, សម្តេចក៏បានជួយសម្របសម្រួលឱ្យរូបគេ បានរួចពីបណ្តឹង ហើយសម្តេចក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់រូបគេផងដែរ ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។
ជួបគ្រោះ ក៏ទទួលបានលាភ។ រាប់ចាប់ពីត្រឹមថ្ងៃដែលសម្តេចតេជោ បានជួយរំដោះរូបគេពីបណ្តឹងរបស់ថៅកែ មកដល់ពេលនេះ មានរយៈពេល ៣ខែ ៥ថ្ងៃហើយ។
ពេលនេះលោក ណន សុខហេង បានធ្វើឡដុតនំបុ័ងរួចរាល់ ហើយក៏រៀនចេះពីវិធីដុតនំប័ុង និងបានចាប់ផ្ដើមអាជីវកម្មដុតនំប័ុងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា «ហាងនំប៉័ងសម្ដេចតាចិត្តធម៌»។
ជាមួយនឹងសមិទ្ធផលនេះ លោក ណន សុខហេង បានថតរូបភាពសមិទ្ធផលដ៏រីករាយរបស់គេ ផ្ញើជូនសម្តេចតេជោ ព្រមទាំងបានអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ។
ជាមួយនឹងការចែកចាយរូបភាព ក៏ដូចជាដំណឹងនៃផ្លែផ្ការបស់ ណន សុខហេង, សម្តេចតេជោ ក៏បានកោតសរសើររូបគេ ដែលបានខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង សម្រាប់ប្រកបរបរចិញ្ចឹមគ្រួសារទៅថ្ងៃមុខ។
ក្នុងសំណេរនេះ សម្តេចតេជោ ក៏បានផ្តល់ដំបូន្មាន និងផ្តាំផ្ញើថា «តាសូមផ្តាំផ្ញើដល់ចៅ គឺត្រូវផលិតឱ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ។ ចៅត្រូវឈានទៅរកការផលិតនំផ្សេងទៀតដូចជានំបុណ្យខួបកំណើតជាដើម ដែលចៅបាននិយាយប្រាប់តា។ ចៅត្រូវចាំទីផ្សារមានការប្រកួតប្រជែងទាំងគុណភាព ទាំងរសជាតិ និងតម្លៃ។ ចៅត្រូវយកលុយបង្កើតលុយ»។
សម្តេចតេជោ បានអរគុណលោក ជួន ណារិន ស្នងការរាជធានីភ្នំពេញ ដែលជួយសម្រួលគ្រប់យ៉ាងនៅពេលនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោក សេង ទៀង ដែលបានតាមដានដំណើការរៀបចំការផលិតតាំងពីចាប់ផ្តើមកសាងរហូតដល់ការផលិតនាពេលនេះ។
សម្តេចតេជោ ក៏ឆ្លៀតត្បកទៅក្រុមជ្រុលនិយមផងដែរ ដែលពេលនោះពួកគេ បានពេបជ្រាយ និងវាយប្រហារសម្តេចថាមកគិតរឿងកូនឆ្កែកំបុិកកំប៉ុកមិនគិតរឿងជាតិធំៗ។
សម្តេចតេជោ បានតបពួកជ្រុលនិយមថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុក សូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអ្វី៕

អត្ថបទដែលជាប់ទាក់ទង