ស្លា..ប់បាត់បង់ជីវិត២នាក់បន្ថែមទៀតហើយ សរុប៤ស្លា..ប់ ហេតុការភ្លើងឆេះក្លិបកម្សាន្តរាត្រី «មីតណាយព្រីមៀរក្លិប»

ភ្នំពេញ ៖ ជនរងគ្រោះ ដែលរងរបួសធ្ងន់ ចំនួន៥នាក់ នៅក្នុងហេតុការភ្លើងឆេះក្លិបកម្សាន្តរាត្រី «មីតណាយព្រីមៀរក្លិប» កាលពីថ្ងៃម្សិលមិញនោះ ត្រូវបាននាំទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ហើយគិតមកដល់ត្រឹមវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស្លា.ប់បាត់បង់ជីវិត២នាក់បន្ថែមទៀតហើយ នេះបើតាមការប្រាប់ឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
អ្នកនាំពាក្យរូបនោះ បានបញ្ជាក់បន្ថែមទៀតថា សរុបអ្នកស្លា.ប់នៅក្នុងហេតុការនោះ មានចំនួន៤នាក់ហើយ និងអ្នករបួសចំនួន៣នាក់ កំពុងបន្តសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ដោយឡែក ជនរងគ្រោះទាំង២នាក់ ដែលទើបនឹងស្លាប់ថែមក្រោយទៀតនេះ គឺជាជាងភ្លើង ហើយសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងរៀបចំ ដើម្បីប្រគល់សព ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ។

សូមរម្លឹកផងដែរថា ក្លិបកម្សាន្តរាត្រីយីហោ «មីតណាយព្រីមៀរក្លិប» ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រ ជិតស្តុបឫស្សីផ្អែម ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ និងរងរបួសនោះ ធ្វើការពេលយប់ និងដេកនៅពេលថ្ងៃ ហើយក្លិបកម្សាន្ត «មីតណាយព្រីមៀរក្លិប»នេះ បានបើកដំណើរការតែពេលយប់ប៉ុណ្ណោះ។ នៅព្រឹកថ្ងៃកើតហេតុ មានបុគ្គលិកច្រើននាក់ ក្នុងនោះមានជនរងគ្រោះទាំង៧នាក់ខាងលើផង បានដេកសម្រាកនៅក្នុងបន្ទប់ផ្នែកខាងក្រោយ នៃក្លិប ហើយពេលកំពុងដេកលង់លក់ ស្រាប់តែមានភ្លើងឆាបឆេះនៅផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅតែម្ដង ។
ប្រភពដដែល បានបន្តទៀតថា ខណៈនោះបណ្ដាលឲ្យបាក់ដំបូលក្លិប បិទជិតច្រកចេញ ទើបធ្វើឲ្យជនរងគ្រោះរកច្រកចេញអត់រួចរហូតដល់ស្លាប់ និងរងរបួសក្នុងអណ្ដាតភ្លើង ហើយនៅពេលភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ភ្លាមៗ និងមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងទៅបាញ់ពន្លត់។ ពេលនោះ សមត្ថកិច្ចបានរកឃើញជនរងគ្រោះចំនួន៧នាក់ ហើយមាន២នាក់ បានស្លាប់នៅនឹងកន្លែង និង៥នាក់ទៀត បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនតាមរថយន្តពេទ្យទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ។
សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ (៣៥ម៉ែត្រ x ៤០ម៉ែត្រ) ឆេះក្លិបកម្សាន្តចំនួន០១ក្លឹប, ម៉ូតូចំនួន០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លិបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ ទំហំ (៣,៥ម៉ែត្រ x ៥ម៉ែត្រ) ចំនួន ០១បន្ទប់។ ចំណែកមូលហេតុ នៃគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនី ទើបបង្កជាអគ្គិភ័យឡើងតែម្ដង ។
សមត្ថកិច្ច បានប្រាប់ទៀតថា នៅក្នុងប្រតិបត្តិការពន្លត់ភ្លើងនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥៧គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៤០រថយន្តស្មើនឹង១៦០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៦រថយន្ត ស្មើនឹង២៤ម៉ែត្រគូប ។ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនឹង១០ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៣រថយន្តស្មើនឹង២៦ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនឹង១២ម៉ែត្រគូប។ រថយន្តរបស់សួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត ស្មើនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្តស្មើនឹង១២ម៉ែត្រគូប រហូតដល់វេលាម៉ោង១១និង៤៦នាទី រសៀលថ្ងៃខែឆ្នាំដដែលទើបរលត់ទៅវិញទាំងស្រុង ។
គួរបញ្ជាក់ថា ករណីអគ្គិភ័យឆេះ ក្លិបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លា.ប់២នាក់ និងរងរបួសធ្ងន់ចំនួន០៥នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) ។ អ្នករងរបួសធ្ងន់ធ្ងរទាំង៥នាក់នេះ រួមមាន ៖
ទី១.ឈ្មោះ រី ប៊ុនធីម ភេទប្រុស អាយុ៣០ឆ្នាំ រលាក១០០%។
ទី២.ឈ្មោះ សាយ ភារា ភេទប្រុស អាយុ២៦ឆ្នាំ រលាក៦៥%។
ទី៣.ឈ្មោះ មួន មករា ភេទប្រុស អាយុ២១ឆ្នាំ រលាក១០០%។
ទី៤.ឈ្មោះ មិន រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ រលាក១០០%។
និងទី៥.ឈ្មោះ ថេង ថៃ ភេទប្រុស អាយុ២០ឆ្នាំ រលាក៣០% ៕

អត្ថបទដែលជាប់ទាក់ទង