លោក ជឹម កុសល អគ្គនាយករង អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំង នៅប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជឹម កុសល អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រុមការងារអន្តរាគមន៍នៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក ឧតុនិយមខេត្តកំពង់ចាម ព្រមទាំងអាជ្ញាធរដែនដី និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាកសិករនៅប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករប្រមាណជាង ២៧០ ហិកតា ដែលបានជួបបញ្ហាកង្វះខាតទឹកស្រោចស្រព។
ក្នុងឱកាសនោះ លោកអគ្គនាយករង បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ព្រមទាំងផ្តល់ការណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមលើការងារថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមាននិរន្តរភាពបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង