ប្រធានមន្ទីរកិច្ចការសាសនា ចុះទៅដោះស្រាយផ្ទាល់ ករណីមន្ត្រីអាវុធហត្ថនិងបក្ខពួក ព្រួតវាយព្រះសង្ឃ វត្តសំបួរមាស

រាជធានីភ្នំពេញ៖ ប្រជាពុទ្ធបរិស័ទវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាតវ៉ារកយុត្តិធម៌ទាំងយប់ ក្រោយលេចធ្លាយនូវករណីមន្រ្តីកងអាវុធហត្ថម្នាក់ និងបក្ខពួក ប្រួតវាយព្រះសង្ឃបណ្ដាលឱ្យរងរបួសព្រះកាយយ៉ាងដំណំ។ យ៉ាងណា ករណីនេះ ត្រូវលោកប្រធានមន្ទីរកិច្ចការសាសនា បញ្ជាក់ខ្លីថា កំពុងធ្វើការដោះស្រាយវិវាទដោយផ្ទាល់…។

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ទេព គង្កា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ លោកកំពុងធ្វើការដោះស្រាយវិវាទដោយផ្ទាល់ ជុំវិញការប្រើប្រាស់អំពើហិង្សាលើព្រះសង្ឃចំនួន២អង្គ និងមនុស្សជាច្រើននាក់ ដោយក្នុងនោះ ជនដៃដល់ត្រូវបានគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថថែមទៀតផង។ លោកប្រធានមន្ទីរធម្មការ និងសាសនារូបនេះបញ្ជាក់បន្ថែមថា សម្រាប់ព័ត៌មានលម្អិតលោកនឹងជម្រាបជូននៅពេលក្រោយបន្ថែមទៀត។

សារព័ត៌មាន បានព្យាមយាមទាក់ទងទៅកាន់អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ឆាត សុឆេត តាមប្រព័ន្ធទូរសព្ទនៅថ្ងៃសុក្រនេះ ដោយលោកប្រាប់ថា លោកបានទទួលដំណឹងនេះហើយ និងបានចាត់ក្រុមការងារនៃមន្ទីរកិច្ចការសាសនារាជធានីភ្នំពេញ ធ្វើការដោះស្រាយដោយផ្ទាល់នៅទីអារ៉ាមនោះ។ ដោយឡែក ចំពោះចំណាត់ផ្លូវច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់ហិង្សាលើព្រះសង្ឃយ៉ាងណានោះ លោកនឹងជម្រាបជូននៅពេលក្រោយ ព្រោះពេលនេះ ស្ថិតក្នុងអន្តរកាលណៃការស៊ើបអង្កេតរបស់មន្ត្រីនៃមន្ទីរស្ថាប័នជំនាញ។
សូមជម្រាបថា ករណីហិង្សាវាយដំព្រះសង្ឃទាំងពីរអង្គនេះមិនមែនទើបកើតឡើងឡើយ ពោលគឺព្រះអង្គទាំង២អង្គបានលាក់ទុកក្នុងចិត្តយូរមកហើយ ទើបតែសម្រេចចិត្តទម្លាយចេញនៅពេលថ្មីៗនេះ ទើបបណ្តាលឱ្យពុទ្ធបរិស័ទមានការអាណិតអាសូរ ក៏ប្រមូលផ្ដុំគ្នាធ្វើការតវ៉ាតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង