អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ ការចាប់ខ្លួនសមាជិកគណៈកម្មធិការនាយកគណបក្សកម្លាំងជាតិ ខេត្តព្រៃវែង ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មិនមែនរឿងនយោបាយឡើយ

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សម វិបុល អាយុ៥៨ឆ្នាំ ពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថមន្ត្រីរាជការសាធារណៈ ដែលមានចេតនាញុះញង់នាំឲ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សម វិបុល ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នៅចំពោះមុខសមត្ថកិច្ចដោយយោងតាមចម្លើយសារភាព និងភស្តុតាង បុគ្គលនេះពិតជាបានប្រព្រឹត្តសកម្មភាពផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈញុះញង់បង្កភាព វឹកវរដល់សន្ដិសុខសង្គម និងបានសរសេរខ្លឹមសារនៅក្នុងបណ្តាញសង្គមប្រមាថ ថែមទាំងចោទប្រកាន់មកលើ ថ្នាក់ដឹកនាំគ្មានមូលដ្ឋានច្បាស់លាស់ បង្កឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សម វិបុល ខាងលើគឺសមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការបំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងរាល់ការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ជនសង្ស័យនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង