សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ជួយដោះស្រាយបញ្ហាប្រឈមនានា របស់ជនរួមជាតិខ្មែរនៅក្រៅប្រទេស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែររស់នៅក្រៅប្រទេស ជួបការលំបាក ។
ការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការចាត់តាំង របស់យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាង ក្នុងការធ្វើទំនាក់ទំនងប្រកបដោយស្មារតីគោរពស្រឡាញ់ ចំពោះជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស បើទោះបីជាមានការរំខានពីក្រុមជ្រុលនិយម មាននិន្នាការនយោបាយប្រឆាំង ជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនាពេលនោះ។
សម្តេចមហាបវរធិបតី មានប្រសាសន៍ថា សម្តេចផ្ទាល់ និងក្រុមការងារទាំងអស់ មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ក្នុងការកសាងអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ពិសេសការម៉ាក់ងាយពីក្រុមជ្រុលនិយមមួយចំនួន។
សម្តេចធិបតី ក៏បានសំដែងនូវមោទនភាព ក្នុងការកសាងកំលាំង របស់អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង១៥ម៉ឺននាក់។ជាមួយនិងការលើកឡើងនោះដែរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអំពាវនាវ ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយសម្របសម្រួល និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស ជួបការលំបាក ពិសេសទាក់ទិនទៅនិងបែបបទផ្នែកច្បាប់មួយចំនួន ដែលទាក់ទិនទៅនិងការធ្វើដំណើរ និងការស្នាក់នៅរបស់ជនរួមជាតិយើង។
ជាមួយគ្នានេះ ឯកឧត្តម គឹម សន្តិភាពបានបញ្ជាក់ថា ក្រុមការងារអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេសត្រូវបានបង្កើតឡើង ដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាព កសាងសមាជិកបក្សពីចំនួនជាង៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស ពេលនេះ កើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។ គោលដៅចម្បង របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ៕