ឯកឧត្តម ប៉ែន បូណា ៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស
«យុវជនមិនគួរចំណាយពេលឥតប្រយោជន៍ជាមួយបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក ឬតិកតុក…) ច្រើនពេកទេ ពីព្រោះក្មួយៗស្ថិតនៅក្នុងវ័យដែលត្រូវខិតខំចាប់យកឱកាសប្រមូលចំណេះជំនាញដាក់ក្នុងខ្លួនដើម្បីសម្រួចសមត្ថភាពរបស់ខ្លួនដោយសម្លឹងឆ្ពោះទៅគោលដៅដែលយើងចង់បាន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអង្គរ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យអង្គរ លោក លោកស្រី ជាសាស្ត្រាចារ្យ និងនិស្សិតសរុបចំនួនជាង ៣០០នាក់។
ឯកឧត្តមបន្តទៀតថា ខុសពីយុវជនជំនាន់មុនដែលបាត់បង់ឱកាសដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ យុវជនជំនាន់នេះសម្បូរឱកាសណាស់ ដូច្នេះ ក្មួយៗត្រូវតែចាប់យកឱ្យបាន។ បើតាមឯកឧត្តម ប៉ែន បូណា ឱកាសដែលយុវជនយើងមានបច្ចុប្បន្នគឺ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកលូតលាស់នៃបច្ចេកវិទ្យា មានសាលារៀន មានសម្ភារៈសិក្សា អាហារសម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាអំណោយផលដល់ការសិក្សា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកអំពីការលំបាករបស់យុវជនជំនាន់មុនដោយលើកយកបទពិសោធផ្ទាល់ខ្លួនមកបញ្ជាក់ថា ក្នុងសម័យសង្គ្រាម ពិសេសរបបប៉ុល ពត កុមារមិនត្រឹមតែគ្មានសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេប្រើឱ្យធ្វើការហួសកម្លាំងដោយគ្មានអាហារគ្រប់គ្រាន់។ ក្រោយឆ្នាំ១៩៧៩ ការសិក្សាបានចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកលំបិនដោយខ្វះខាតគ្រប់បែបយ៉ាង។
បើតាមឯកឧត្តម ប៉ែន បូណា អ្នករៀនជំនាន់នោះប្រើធ្យូងចង្ក្រានបាយធ្វើជាដីសដោយសរសេរលើក្តាបន្ទះ ខណៈគ្រូសរសេរលើជញ្ជាំងព្រះវិហារឬជញ្ជាំងផ្ទះជាដើម។ ប៉ុន្តែ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រទេសយើងបានអភិវឌ្ឍហួសពីការរំពឹងទុក ដូចដែលយើងបានឃើញបច្ចុប្បន្ន។ ឯកឧត្តម ប៉ែន បូណា បន្តថា យុវជនជំនាន់មុន ថ្វីត្បិតតែគ្មានឱកាសច្រើនដូចបច្ចុប្បន្ន ប៉ុន្តែ ពួកគេខិតខំតស៊ូពុះពារគ្រប់បែបយ៉ាងដោយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការរៀនសូត្រ។
ទាញចេញពីបទពិសោធទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានរំលេចឱ្យឃើញពីការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាដូចមេឃនិងដី ដែលអនុញ្ញាតឱ្យយុវជនជំនាន់នេះរស់ក្នុងបរិយាកាសពោរពេញដោយឱកាសនិងអំណោយផល។ ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានផ្តាំផ្ញើឱ្យក្មួយៗនិស្សិតត្រូវតែចាប់យកឱកាសនេះឱ្យបាន ហើយធ្វើខ្លួនឱ្យទៅជាមូលធនមនុស្សដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុកដោយមោទនភាពរបស់រាជរដ្ឋាភិបាល៕