ឯកឧត្ដម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង អញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ឱ្យដំណើរការគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ
នាថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ឱ្យដំណើរគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយមានការចូលរួមពី ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបប្រមាណ ៤០នាក់។
សូមជម្រាបថា គម្រោងស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានស្ថាប័នអនុវត្តចំនួនពីររួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយមានសមាភាគគម្រោងចំនួនបី គឺ ទី១) ការស្តារឡើងវិញស្ទឹងស្វាយចេក និងការកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ទី២) ការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និង ទី៣)ការពង្រឹងការគ្រប់គ្រងធនធានទឹកជីវចម្រុះរបស់អាងស្ទឹងស្វាយចេក។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយកាត់បន្ថយគ្រោះធម្មជាតិដោយសារទឹកជំនន់ដែលតែងតែយាយីស្ទើរជារៀងរាល់ឆ្នាំ ជួយពង្រឹងសុវត្ថិភាព និងបង្កើនប្រភពធនធានទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់ ព្រមទាំងបង្កើនផលិតភាពកសិកម្ម និងចំណូលពលរដ្ឋ តាមរយៈការបង្កើតយន្តការដឹកនាំ និងគ្រប់គ្រងដោយមានភាពអភិបាលកិច្ចល្អនៃអាងស្ទឹងស្វាយចេកទាំងមូល ដើម្បីធានាការប្រើប្រាស់ទឹកស្ទឹងស្វាយចេកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ទាំងទឹកលើដី ធនធានទឹកក្រោមដី។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា គម្រោងនេះក៏ជួយពង្រឹងដល់ចីរភាពបរិស្ថាន រក្សាប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងពង្រឹងភាពធន់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងប្រភពទឹកប្រកបដោយប្រសិទ្ធភាពផងដែរ៕