បញ្ជូនខ្លួនអ្នកចែកចាយគ្រឿង….ញៀនប្រចាំភូមិ២នាក់ ទៅតុលាការខេត្ត
កំពង់ស្ពឺ ៖ អ្នកចែកចាយគ្រឿងញៀនប្រចាំភូមិដ៏សកម្មចំនួន២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្ត ក្រោយឃាត់ខ្លួននិងដកហូតគ្រឿងញៀនបានជាច្រើនកញ្ចប់នៅក្នុងស្រុកគងពិសីកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
មុខសញ្ញាចែកចាយចំនួន២នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយការស្រាវជ្រាវនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ក្នុងនោះជនសង្ស័យឈ្មោះ ម៉ូ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ ឃាត់ខ្លួនបាននៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដកហូតវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង និងកែវសម្រាប់ជក់គ្រឿងញៀន១ ។ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះបានសារភាពថាខ្លួនបានទទួលគ្រឿងញៀនពីឈ្មោះឡាញ់ វណ្ណៈ ហៅណុប ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដែលជាអ្នកចែកចាយធំប្រចាំភូមិ។
ក្រោយទទួលបានចម្លើយសារភាព សមត្ថកិច្ចបានបើកប្រតិបត្តិការឡោមព័ទ្ធទីតាំងរស់នៅរបស់មេក្លោងធំប្រចាំភូមិ ក្រោមការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងបានចាប់ខ្លួនឈ្មោះ ឡាញ់ វណ្ណៈ ហៅណុប បានភ្លាមៗ នៅវេលាម៉ោង ១២:១០ ថៃ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នៅចំណុចភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ដោយដកហូតគ្រឿងញៀនប្រភេទទឹកកកបានប្រមាណជា២០កញ្ចប់(តូច១៨ មធ្យម២)។បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ដ ដេីម្បីបន្ដនីតិវិធី។
ជាមួយនិងការចាប់ខ្លួនអ្នកចែកចាយគ្រឿងញៀនដ៏សកម្មខាងលើ ប្រជាពលរដ្ឋបានបង្ហាញការរីយរាយយ៉ាងខ្លាំង និងសុំឱ្យតុលាការកុំមានការលើកលែងហើយដាក់ទោសឱ្ យបានធ្ងន់ធ្ងរដល់បុគ្គលទាំង២នាក់នេះ។
ពួកគាត់លើកឡើងថា ពួកគាត់បានបៀមទុក្ខនិងមានក្តីកង្វល់ ការភិតភ័យរាប់ឆ្នាំមកហើយ បន្ទាប់ពីមានវត្តមានបុគ្គល២នាក់ខាងលើ ដោយរំពឹងថាថ្ងៃណាមួយកូនចៅរបស់ពួកគាត់និងរងគ្រោះដោយសារគ្រឿងញៀននេះ ហើយបន្ទាប់មកនិងត្រូវចាប់ខ្លួនពីបទរក្សាទុកនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ គ្រាដែលកន្លងមកគេឃើញសមត្ថកិច្ចចាប់បានតែអ្នកប្រើប្រាស់ប៉ុណ្ណោះ ឯអ្នកជួញដូរនិងចែកចាយវិញមានសំណាងរួចខ្លួនរហូត ៕