ស្លា..ប់ម្នាក់ និងរបួស៤នាក់ ករណីយន្តហោះធុនមធ្យម១គ្រឿង រអិលចេញពីផ្លូវរត់ ខណៈកំពុងចុះចត នៅអាកាសយានដ្ឋាន Scottsdale
វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស បន្ទាប់ពីយន្តហោះធុនមធ្យមមួយគ្រឿងបានរអិលចេញពីផ្លូវរត់ ខណៈកំពុងចុះចតនៅឯអាកាសយានដ្ឋាន Scottsdale នៃរដ្ឋអារីហ្សូណា និងបានបុកផ្ទប់ជាមួយយន្តហោះមួយគ្រឿងទៀតដែលកំពុងចតនៅទីនោះ។
លោក ដេវ ហ្វូលីអូ (Dave Folio) អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គីភ័យនៃអាកាសយានដ្ឋាន Scottsdale បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍បុកយន្តហោះនេះ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា មនុស្សម្នាក់នៅតែជាប់នៅក្នុងយន្តហោះមួយ ហើយអ្នកជួយសង្គ្រោះកំពុងស្រាក់ដៃគ្នាដើម្បីជួយសង្គ្រោះ ខណៈមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ យ៉ាងណា លោក ហ្វូលីអូ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ហើយវាមិនច្បាស់ភ្លាមៗទេថា តើហេតុអ្វីបណ្តាលឱ្យយន្តហោះនេះរអិលចេញពីផ្លូវរត់នោះទេ?
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិកកំពុងស៊ើបអង្កេតហេតុការណ៍បុកគ្នានេះ ដោយពាក់ព័ន្ធនឹងយន្តហោះ Learjet 35A ដែលបានរអិលចេញពីផ្លូវរត់ បន្ទាប់មកបានបុកផ្ទប់ជាមួយយន្តហោះ Gulfstream 200។ គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងចំពេលការពិនិត្យមើលកាន់តែយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិក ខណៈក្រុមអ្នកស៊ើបអង្កេតក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិកំពុងស៊ើបអង្កេតលើគ្រោះថ្នាក់យន្តហោះចំនួនបីករណីជាប់ៗគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៖ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសារវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោនដែលបានផ្តាច់ជីវិតមនុស្ស ៦៧នាក់, ហេតុការណ៍ធ្លាក់យន្តហោះពេទ្យនៅទីក្រុង Philadelphia ដែលបានសម្លាប់មនុស្ស ៧នាក់, និងធ្លាក់យន្តហោះនៅអាឡាស្កាដែលបានសម្លាប់មនុស្ស ១០នាក់៕