ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Francis G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល, សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភាបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់សម្ដេចបវរធិបតី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ និងបានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានព្រឹទ្ធសភាសង្ឃឹមយ៉ាងមុតមាំថា, បន្ទាប់ពីដំណើរទស្សនកិច្ចនេះ, ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពសកម្ម និង ភាពរីកចម្រើន បន្ថែមទៀត។ លើសពីនេះ, ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង ទាំង ៨ ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជន និងរដ្ឋាភិបាលហ្វីលីពីន ជូនដល់គណៈប្រតិភូកម្ពុជានាឱកាសនេះ ព្រមទាំងបានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគីរវាងសម្ដេចបវរធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr.។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរ និង មានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ បន្ថែមលើផ្នែកនយោបាយ និងការទូត, ទំនាក់ទំនងសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង ការវិនិយោគនៅមានលម្ហច្រើន ដែលជាកាលានុវត្តភាពប្រកបដោយសក្កានុពល ដើម្បីជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ក្នុងន័យនេះ, កម្ពុជាអាចក្លាយជាដៃគូប្រកបដោយសក្កានុពល ក្នុងការចូលរួមធានាសន្តិសុខស្បៀងនៃប្រទេសហ្វីលីពីន, ជាពិសេសតាមរយៈអតិរេកស្រូវអង្ករ ដែលកម្ពុជាមាន, ជាមួយនឹងគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែង។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានពិភាក្សាផងដែរអំពីការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ បន្ថែមលើជើងហោះហើរដែលមានស្រាប់ ជា ពិសេស ម៉ានីល-សៀមរាប-ម៉ានីល និងសេប៊ូ-សៀមរាប-សេប៊ូ ដើម្បីបង្កើតជាសហថាមពលក្នុងការកម្ពស់វិស័យទេសចរណ៍ តាមរយៈការទាក់ទាញភ្ញៀវទេសចរនានាពីក្រៅតំបន់ ឱ្យមកធ្វើទេសចរណ៍នៅក្នុងប្រទេសទាំងពីរ និងតំបន់អាស៊ាន។

មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានអញ្ជើញឯកឧត្តមប្រធានព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅក្នុងពេលវេលាសមស្របណាមួយ ហើយកម្ពុជានឹងរងចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង