បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងចម្រុះ មានមន្ត្រីជំនាញជលផល មន្ត្រីតំបន់រ៉ាំសា តំណាងសហគមន៍នេសាទ កងទ័ពជើងទឹកវាយលើគោក កងរាជអាវុធហត្ថខេត្ត ព្រមទាំងអាជ្ញាធរដែនដី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅតំបន់ព្រែកតាសោម ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្ដមមេបញ្ជាការយោធភូមិ ភាគទី៤ និងការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ថ្ងៃនេះ កងកម្លាំងចម្រុះ បានសហការជាមួយមន្ត្រីរដ្ឋបាលជលផលឃុំផាត់សណ្តាយ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ដំណើរការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់ព្រែកតាសោម ក្នុងភូមិសាស្ត្របឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ហើយនៅក្នុងឱកាសនេះ កងកម្លាំងចម្រុះ ក៏បានរុះរើកាប់បំផ្លាញរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន ០៥របាំង ប្រវែង ជាង១ .៥០០ម៉ែត្រ ,ឡុក ចំនួន ១០ឡុក, លប ឬលូ ចំនួន ១០មាត់,បង្គោល ចំនួនជាង១,៧០០ ដើម ,និងកាប់បំផ្លាញរបាំអួនស្បៃមុង ៣របាំង ប្រវែងជាង១៨០ម៉ែត្រ, ឡុកចំនួន ០៣ឡុក , លប ឬលូ ចំនួន០៦មាត់ និងបង្គោល ចំនួនជាង ២០០ ដើម។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ និងបានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះទាំងអស់ ដើម្បីបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ មិនឱ្យកើតមានឡេីងជាថ្មីទៀត បានជាដាច់ខាតនៅក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង