កម្ទេចរណ្តៅរ៉ែមាសខុសច្បាប់១កន្លែង នៅតំបន់ភ្នំដែក

ខេត្តព្រះវិហារ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងចម្រុះដឹកនាំដោយ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះពិនិត្យមើលទីតាំងអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ចំនួន១កន្លែងនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ឈានទៅដល់ការបង្ក្រាប និងកម្ទេចចោលរោងស្នាក់នៅរបស់កម្មករ ៣រោង (៦បន្ទប់)ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុសច្បាប់ នៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ក្រុមចម្រុះដឹកនាំដោ លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកងកម្លាំងអាវុធហត្ថខេត្ត បានចុះទៅត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់នៅចំណុចខាងលើ។ លទ្ឋផលរណ្តៅរ៉ែមាស ចំនួន១រណ្តៅ និងកម្ទេចចោលរោងស្នាក់នៅរបស់កម្មករ ៣រោង (៦បន្ទប់), អាងត្រាំគីមី ១៥ម៉ែត្រx២០ម៉ែត្រ ចំនួន ២អាង៣. និយាមការ X=499202; Y=1473716 ក្រុមការងារបានកាយបំផ្លាញរណ្ដៅទាំង០២ ដើម្បីចាត់ការបន្តតាមនិតិវិធី។
កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយហាមប្រាមប្រជាពលរដ្ឋ កុំឱ្យនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រសិនជាជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនឹងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់ពលរដ្ឋ។
សូមជម្រាបថា រណ្តៅរ៉ែមាសខ្លះមានជម្រៅរហូតដល់ទៅ ៥០ ឬ១០០ម៉ែត្រ ក៏មាន។ រណ្តៅជ្រៅៗបែបនេះនាំឱ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតថែមទៀត ដូចនេះមន្ទីរជំនាញនិងអាជ្ញាធរត្រូវតែធ្វើការហាមឃាត់ ក្នុងន័យដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ករណីនេះម្ចាស់ទីតាំងជាជនជាតិចិន បានរត់គេចខ្លួននិងប្រមូលសម្ភារៈគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចចម្រុះចុះទៅដល់៕

អត្ថបទដែលជាប់ទាក់ទង