ស្ត្រីបានបែកក្បាលស្លា..ប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូ១គ្រឿង ដែលមានបុរសម្នាក់ទៀត ជាអ្នកឌុប ហើយបានបើកវ៉ាជែងរថយន្តទ្រុង១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ពេលនោះ វ៉ាមិនទាន់ផុតផង ក៏ស្រាប់តែ….

ភ្នំពេញ ៖ កាលពី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្ត្រីបានបែកក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែង ខណៈនាងជិះម៉ូតូ១គ្រឿង ដែលមានបុរសម្នាក់ទៀត ជាអ្នកឌុប ហើយបានបើកវ៉ាជែងរថយន្តទ្រុង១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា ពេលនោះ វ៉ាមិនទាន់ផុតផង ក៏ស្រាប់តែមានរថយន្តបែនដឹកដី ១គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿន ទៅដល់ ជាហេតុធ្វើឲ្យម៉ូតូវាក់ ហើយបុរស ដែលជាអ្នកបើកម៉ូតូបានគេចចេញ និងជាន់ហ្វ្រាំងឈប់ប្រថុចញ៉ុច ទើបបណ្ដាលឲ្យដួលខ្ទាតស្ត្រីរងគ្រោះ ចូលរថយន្តទ្រុងកិនបែកក្បាលតែម្ដង ចំណែកបុរសអ្នកឌុបរងរបួសស្រាល នេះបើយោងតាមរូបភាព ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពនៅចំណុចកើតហេតុនោះ ។

ស្ត្រីរងគ្រោះរូបនោះឈ្មោះ ហេង សារ៉ាត់ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្មន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាZoomer X ពណ៍លឿងលាយស ពាក់ស្លាលេខភ្នំពេញ 1GI-0397 ជាមួយបុរសម្នាក់ ដោយបុរសនោះជាអ្នកឌុប ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវ៉ាជែងខាងឆ្វេងរថយន្តទ្រុង ពណ៍ស មិនស្គាល់ម៉ាក ១គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយពេលវ៉ាមិនទាន់ផុតផង ស្រាប់តែមានរថយន្តបែនដឹកដី ពណ៍ក្រហម ១គ្រឿង បើកបរក្នុងល្បឿន ក្នុងទិសដៅពីលិចទៅកើតទៅដល់ល្មម ។

ប្រភពបានបញ្ជាក់ឲ្យដឹងបន្តថា ខណៈនោះបានធ្វើឲ្យម៉ូតូវាក់ ហើយខំគេចចេញពីរថយន្តបែនដឹកដី នោះនិងជាន់ហ្វ្រាំងឈប់ប្រថុចញ៉ុចខ្លាំងពេក បណ្ដាលឲ្យដួលខ្ទាតស្ត្រីរងគ្រោះចូលរថយន្តទ្រុងកិនបែកក្បាលស្លាប់ភ្លាមៗ ចំណែកបុរសដែលជាអ្នកបើកបរម៉ូតូរងរបួសស្រាលប៉ុណ្ណោះ ។
ដោយឡែកអ្នកបើករថយន្តបែនដឹកដី នៅពេលឃើញម៉ូតូខាងលើបើកជែងរថយន្តទ្រុងសំដៅទៅចំខ្លួននោះ ក៏បានកាច់ចង្កូតគេចចេញទាំងប្រថុចញ៉ុចផងដែរ និងមិនបានកិនអ្នកជិះម៉ូតូខាងលើនោះឡើយ។ ម្យ៉ាងទៀត នៅចំណុចនោះ អត់មានប្រឡាយ ឬក៏សម្ភារៈអ្វីនៅលើចិញ្ចើមផ្លូវនោះ ប្រសិនបើមានវិញ ប្រហែលរថយន្តបែនដឹកដីនោះ ក៏មិនរួចខ្លួនដែរ និងត្រូវធ្លាក់ប្រឡាយ ឬបុកខ្ទេចខ្ទីមិនខានឡើយ ។
ក្រោយពេលកើតហេតុ ទាំងរថយន្តទ្រុង ដែលកិនស្ត្រីរងគ្រោះបណ្ដាលឲ្យស្លាប់ និងរថយន្តបែនដឹកដី បានបើកបន្តដំណើរទៅបាត់រៀងៗខ្លួន។ បន្ទាប់មក នគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពនៅជិតកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តទ្រុងខាងលើ ដោះស្រាយគ្នាតាមច្បាប់ និងប្រគល់ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង