ក្រសួងអប់រំ ដាក់ចេញវិធានការ៧ចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការ៧ចំណុច ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
ការដាក់ចេញវិធានការពីសំណាក់ក្រសួងអប់រំបែបនេះ គឺដោយសារក្នុងគោលដៅទប់ស្កាត់ចំពោះសិស្សានុសិស្សមួយចំនួនតូច ដែលយល់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ និងទប់ស្កាត់នូវរាល់ការភ្លើតភ្លើនណាមួយ។
ចំពោះវិធានការដែលគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តរួមមាន៖ ១.ផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្ដីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ២.ពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ។ ៣.ត្រូវបញ្ជ្រាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ។ ៤.ជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន-កុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។ ៥.ទំនាក់ទំនងជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ ៦.រួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា និងទី៧. មន្ទីរអប់រំ រាជធានី-ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ អនុវត្ត បទបញ្ជាផ្ទៃក្នុង។
សូមរំឭកថា ពាក់ព័ន្ធនឹង ថ្ងៃ១៤កុម្ភៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានក្រើនរំឭកដល់យុវជនឱ្យប្រើប្រាស់ «ទិវានៃក្ដីស្រឡាញ់» ស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែត៕