ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅស្រុកសំបូរ ប្រារព្ធពិធីដង្ហែបុណ្យមាឃបូជា
(ក្រចេះ)៖ នាថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទប្រមាណជា ១ពាន់អង្គ/នាក់ បានរួមគ្នាប្រារព្ធពិធីដង្ហែបុណ្យមាឃបូជា។ ពិធីដង្ហែបុណ្យមាឃបូជា ត្រូវបានធ្វើឡើងនៅបរិវេណវត្តព្រះវិហារធំ សសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ។
ពិធីត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ លោក ប៊ុន ឈឿន ប្រធានក្រុមប្រឹក្សាស្រុកសំបូរ ព្រមទាំងសហការី និងលោក គង់ មេត្តា អភិបាល នៃគណៈអអភិបាលស្រុកសំបូរ ព្រមទាំងសហការី។ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
សាលាលាអនុគណស្រុកសំបូរ និងរដ្ឋបាលស្រុកសំបូរ ប្រារព្ធពិធីនេះឡើងដើម្បីរំលឹកដល់អភិលក្ខិតកាលទាំងបីយ៉ាងគឺ៖ ព្រះពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត, ព្រះពុទ្ធសម្តែងឱវាទបាតិមោក្ខ និងព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ។
ព្រះសង្ឃ ថ្នាក់ដឹកនាំស្រុកសំបូរ ព្រមទាំងប្រជាពុទ្ធបរិស័ទក្នុងស្រុកសំបូរ ដែលសុទ្ធសឹងជាអ្នកគោរពប្រណិប័តន៍យ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា បានរួមគ្នារៀបចំប្រារព្ធពិធីប្រកបដោយសទ្ធាជ្រះថ្លា និងរីករាយក្រៃលែង៕