លោកត្រាំថ្លែងថា ដំណើរការចរចាគ្នាដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន នឹងចាប់ផ្ដើមឆាប់ៗនេះ

ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថាដំណើរការចរចាគ្នាដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែននឹងចាប់ផ្ដើមឆាប់ៗនេះ។ លោកថ្លែងដូច្នេះបន្ទាប់ពីសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោកពូទីនកាលពីយប់មិញ។ លើកនេះនិយាយគ្នាមែនទែនហើយ អត់មានលាក់លាមដូចមុនទៀតទេ។ ការសន្ទនាគ្នាដែលគេដឹងឮជាសាធារណៈ និងជាផ្លូវការនោះកើតឡើងបន្ទាប់ពីលោកត្រាំប្រាប់ចំៗទៅទីប្រឹក្សារបស់គាត់ថាទោះជាដោយវិធីណាក៏ដោយត្រូវតែបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់ជាទីបំផុត។
មន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំសង្ឃឹមថាការដោះលែងអ្នកទោសក៏ជាសញ្ញាល្អសម្រាប់កិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមផងដែរ។ កាលពីមុននេះ លោកត្រាំធ្លាប់បង្ហើបឱ្យដឹងអំពីផែនការបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកពុំដែលចាត់វិធានការជាក់ស្ដែងម្ដងណាទេ។ ផ្ទុយទៅវិញ កាលពីយប់មិញគឺច្បាស់ហើយ។ លោកត្រាំបង្ហោះនៅលើបណ្ដាញសង្គមថាយើងបានសន្ទនាគ្នាអំពីបញ្ហាអ៊ុយក្រែន, មជ្ឈិមបូព៌ា, ថាមពល, បញ្ញាសិប្បនិម្មិតអេអាយ (AI), ឥទ្ធិពលប្រាក់ដុល្លារ និងប្រធានបទជាច្រើនទៀត។

លោកសរសេរបន្តទៀតថាយើងឯកភាពគ្នាថានឹងធ្វើការជិតស្និទ្ធជាមួយគ្នា ហើយនឹងបំពេញទស្សនកិច្ចទៅវិញទៅមក។ យើងឯកភាពគ្នាថានឹងចាត់ក្រុមការងារដើម្បីចរចាគ្នាជាប្រញាប់។ ចំណុចចាប់ផ្ដើមដំបូងគឺហៅទូរស័ព្ទទៅលោកហ្សេឡិនស្គីដើម្បីជម្រាបជូនគាត់អំពីការសន្ទនាគ្នា (រវាងត្រាំ និងពូទីន)។ ទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូចាត់ទុកថានៅក្នុងការសន្ទនាគ្នានោះ ថ្នាក់ដឹកនាំទាំង២ព្យាយាមប្រើប្រាស់ពាក្យពេចន៍ផ្សះផ្សាបង្រួបបង្រួមគ្នា (មានន័យថាមិនចាក់គ្នាទៅវិញទៅមកទេ)។
លោកត្រាំសរសេរនៅលើបណ្ដាញសង្គមថាលោកពូទីនបានរំលឹកនូវបាវចនារបស់លោកត្រាំ «សុភវិនិច្ឆ័យ» នៅក្នុងការសន្ទនាគ្នានោះ។ យើងទាំង២មានជំនឿមុតមាំទៅលើបាវចនានេះ។ លោកត្រាំកត់សម្គាល់ថាអតីតភ្នាក់ងារសម្ងាត់ខេជីប៊ី (KGB) រូបនេះ (លោកពូទីន) ប្រសព្វសម្រិតសម្រាំងពាក្យពេចន៍យកមកនិយាយដោយប្រយ័ត្នប្រយែងដើម្បីផ្គាប់ចិត្តលោកត្រាំ។
អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាលោកទាំង២និយាយគ្នាតាមទូរស័ព្ទប្រហែលជិត៩០នាទី។ លោកត្រាំឱ្យសញ្ញាជាច្រើនអាទិត្យមកហើយថាលោកពិតជាអន្ទះសាចង់និយាយជាមួយលោកពូទីនយ៉ាងខ្លាំងព្រោះលោកចង់ដោះស្រាយបញ្ហាអ៊ុយក្រែនជាប្រញាប់។ ទន្ទឹមនឹងនោះ លោកបញ្ជូនគណៈប្រតិភូ១ក្រុមទៅអឺរ៉ុបនៅសប្ដាហ៍នេះដើម្បីជជែកអំពីបញ្ហាអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលកំពុងស្ថិតនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិច យល់ថាអ៊ុយក្រែនប្រហែលជាមិនចាំបាច់ចូលជាសមាជិកអង្គការណាតូទេ។ លោកថាបញ្ហាសន្តិសុខជាតិរបស់អឺរ៉ុប និងអ៊ុយក្រែនលែងជានយោបាយអាទិភាពដែលអាមេរិកត្រូវយកចិត្តទុកដាក់ខ្ពស់តទៅទៀតហើយនៅក្នុងសករាជរបស់ត្រាំ។ មូលហេតុដោយសារលោកត្រាំចង់ផ្ដោតសំខាន់ទៅលើការធានាសន្តិសុខជាតិរបស់ខ្លួននៅតាមព្រំដែន និងរកវិធីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិនវិញម្ដង។
នៅក្នុងយុទ្ធសាស្ត្ររបស់ត្រាំនេះរាងខុសប្លែកពីលោកបៃដិននៅត្រង់ថាលោកប្រើ «យុទ្ធសាស្ត្រវាយគ្នាផង និងចរចាផង»។ មានន័យថាទន្ទឹមនឹងការចរចាគ្នា លោកក៏នឹងបន្តផ្គត់ផ្គង់ជំនួយយោធា និងអាវុធយុទ្ធភ័ណ្ឌទៅឱ្យអ៊ុយក្រែនមិនឱ្យខ្វះខាតទេដើម្បីតតាំងគ្នាជាមួយរុស្ស៊ី។ ថ្វីដ្បិតលោករិះគន់ថាសង្គ្រាមអ៊ុយក្រែនធ្វើឱ្យអាមេរិកខ្ជះខ្ជាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលោកមិនយល់ទាស់ទេបើអ៊ុយក្រែនមានអ្វីជាថ្នូរត្រឡប់មកវិញដើម្បីកុំឱ្យអាមេរិកចាយលុយឥតប្រយោជន៍។
ថ្មីៗនេះ លោកត្រាំបញ្ជាក់ថាលោក និងលោកហ្សេឡិនស្គីបានឯកភាពគ្នារួចហើយថាជាថ្នូរនឹងការបន្តផ្ដល់ជំនួយយោធាទៅអ៊ុយក្រែន អ៊ុយក្រែនយល់ព្រមផ្ដល់ទៅឱ្យអាមេរិកនូវលោហធាតុកម្រដ៏មានតម្លៃរបស់អ៊ុយក្រែនដើម្បីជាការដោះដូរគ្នា។ ក្រោយពេលសន្ទនាគ្នាជាមួយលោកពូទីនតែបន្តិចប៉ុណ្ណោះ លោកត្រាំមិនបង្អង់យូរឡើយបានហៅទូរស័ព្ទភ្លាមទៅលោកហ្សេឡិនស្គី៕

អត្ថបទដែលជាប់ទាក់ទង