មន្ត្រីបរិស្ថាន ណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែស្វាយមួយនេះ ឱ្យបញ្ឈប់ការបង្ហូរកាកសំណល់ចេញទៅទីសាធារណៈ ដើម្បីសុខមាលភាពពលរដ្ឋ និងបរិស្ថាន
កំពង់ស្ពឺ៖ មន្ត្រីការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ លោក ឈុន ឈៀហេង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការណែនាំដល់ម្ចាស់រោងចក្រកែច្នៃផ្លែឈើយីហោ សានផ្លាស អ៊ិនធើណេសិនណល ឯ.ក ដែលមានទីតាំងនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឱ្យបញ្ឈប់ជាបន្ទាន់ នូវការបង្ហូរកាកសំណល់រាវចូលទៅក្នុងប្រឡាយមេតាហោ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន។ ការណែនាំនេះ ក្រោយទទួលបានការស្នើសុំឱ្យមានការត្រួតពិនិត្យ និងអន្តរាគមន៍ជាថ្មី បន្ទាប់ពីមានក្លិនស្អុយជះភាយខ្លាំងទៅក្នុងខ្យល់ធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងការរៀនសូត្ររបស់សិស្សានុសិស្ស។
លោក ឈុន ឈៀហេង បានឱ្យដឹងថា មន្ត្រីជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុកសំរោងទង បានចុះអន្តរាគមន៍បន្ទាន់ បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋបាលខេត្ត និងមន្ទីរសាម៉ី លើរោងចក្រកែច្នៃផ្លែឈើយីហោ សាន់ផ្លាស អ៊ិនធើណាសិនណល ឯ.ក ដើម្បីរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានក្លិនស្អុយជះភាយខ្លាំងរំខានការរស់នៅ និងសិក្សារបស់សិស្ស និងទឹកកខ្វក់ដែលប៉ះពាល់ដល់ជីវិតរស់នៅរបស់មច្ឆជាតិ។
ប្រធានការិយាល័យគាំពារបរិស្ថាន បានបន្ថែមថា ជំនាញបានរកឃើញថា ពិតជាមានការបង្ហូរកាកសំណល់មួយចំណែកពីរោងចក្រចូលទៅទីសាធារណៈ និងប្រឡាយមេតាហោពិតប្រាកដ។ ចំពោះមុខជំនាញបានធ្វើការណែនាំទៅដល់ម្ចាស់រោងចក្រខាងលើឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ ហើយត្រូវបិទខ្ទប់មាត់លូឱ្យជិត ដើម្បីការពារការហៀរឬជ្រាបកាកសំណល់រាវទៅទីសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវរៀបចំបង្កើតឱ្យមានអាងស្តុកកាកសំណល់រាវឱ្យបានត្រឹមត្រូវ ដោយមានដាក់ថ្នាំបំបាត់ក្លិនទៅតាមបច្ចេកទេស ការពារការជះក្លិនស្អុយទៅខាងក្រៅ។ទន្ទឹមនេះក៏ត្រូវសិក្សាបន្ថែម ដើម្បីឈានទៅបង្កើតជាអាងប្រព្រឹត្តិកម្ម ដោយទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីបច្ចេកទេសជំនាញ។ ក្នុងនោះអាជ្ញាភូមិ ឃុំ ត្រូវដើរតួជាសមត្ថកិច្ចតាមដានរាល់សកម្មភាពការបង្ហៀរនានា ដើម្បីធានាថា គ្មានផលប៉ះពាល់ថ្មីដល់ពលរដ្ឋ និងបរិស្ថានទៀតទេ។
លោក ឈុន ឈៀហេង បានបញ្ជាក់ថា រោងចក្រកែច្នៃផ្លែឈើ សានផ្លាស អ៊ិនធើណាសិនណល ឯ.ក ធ្លាប់បានពិន័យអន្តរកាលម្តងរួចមកហើយ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីរកឃើញការបង្ហូរកាកសំណល់ដូចគ្នានេះទៅទីសាធារណៈ និងប្រឡាយមេតាហោ។ ក្រោយមករោងចក្រនេះក៏ត្រូវបានផ្អាកដំណើរទៅវិញមួយរយៈរហូតដល់ដើមខែមករា ឆ្នាំ២០២៥ ទើបបើកដំណើរការម្តងទៀត។ រោងចក្រនេះ បច្ចុប្បន្នមានលទ្ធភាពប្រមូលទិញផ្លែស្វាយប្រមាណ២០ ទៅ៣០តោន ក្នុងមួយថ្ងៃ និងមានកម្មករធ្វើការប្រមាណ ២៣០នាក់ ក្នុងនោះរោងចក្រក៏បានប្រើប្រាស់ទឹកប្រមាណ ២៥ ទៅ៣០ម៉ែត្រគូប ក្នុងមួយថ្ងៃ លើខ្សែសង្វាក់ផលិតកម្មនេះ៕