លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញអធិបតីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត បន្ទាប់ពីដំណើរការអស់រយៈពេល ២ថ្ងៃពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល, អគ្គលេខាធិការដ្ឋាន, មន្ត្រីទីស្នាក់ការកណ្តាល, គណៈកម្មាធិការសាខា-មន្ត្រីសាខា, ទីប្រឹក្សាយុវជន និងយុវជន នៃគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ចូលរួមសរុបចំនួន ២២៧នាក់។
ជាកិច្ចចាប់ផ្តើមលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានរាយការណ៍បូកសរុបពីលទ្ធផលនៃកិច្ចប្រជុំ ដោយបានគូសបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំ ២ថ្ងៃនេះ បានសម្រេចទៅតាមគោលបំណងរបស់កិច្ចប្រជុំ ដែលបានកំណត់ឡើង ដែលជារួមមាន៖
១៖ ក្តាប់បានកម្រិតអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខា/អនុសាខា និងតាមគ្រឹះស្ថានឧត្ដមសិក្សា។
២៖ កំណត់ចំណុចគោលសម្រាប់ការអភិវឌ្ឍយុវជន និងអ្នកស័្មគ្រចិត្ត តាមបច្ចេកវិទ្យាឌីជីថល ស្របជាមួយរាជរដ្ឋាភិបាល។
៣៖ ចាប់ពីឆ្នាំ២០២៥តទៅ កាកបាទក្រហមកម្ពុជា នឹងមានផែនការច្បាស់លាស់ ដែលមានទិន្នន័យ និងសូចនាករវ៉ាស់វែង បានកម្រិតនៃអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្ត (SMART)។
៤៖ ឯកភាពថាត្រូវបុរេសកម្មចូលរួមអនុវត្តផែនការដែលអាចវ៉ាស់វែងបាននូវលទ្ធផលដែលមានលក្ខណៈ SMART ឬអាចហៅថាផែនការអប្បបរមា។
៥៖ បានពិនិត្យរួមគ្នា ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងដំណោះស្រាយដែលជាមូលដ្ឋាន សំខាន់សម្រាប់ពិនិត្យធ្វើបច្ចុប្បន្នកម្ម គោលនយោបាយ/គោលការណ៍ណែនាំយុវជន និងអ្នកស្ម័គ្រចិត្ត ព្រមទាំងការពិនិត្យពាក់កណ្ដាលទីនៃការអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
ដោយឡែក ចំពោះការចាត់អាទិភាពការងារវិញ អង្គប្រជុំបានឯកភាពគ្នាសម្រេចបាន ការងារសំខាន់ និងបន្ទាន់ ចំនួន ១៥មុខការ និងការងារសំខាន់ តែមិនបន្ទាន់ ចំនួន ៥មុខការ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានថ្លែងនូវក្តីសោមនស្សរីករាយ ពាំនាំនូវព្រះរាជសុវណ្ណីនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ជូនចំពោះសមាជិកសមាជិកនៃអង្គប្រជុំ ជាពិសេស សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចជាកាល តែងតែកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្ត ពេលវេលា របស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក ‹កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល› ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។
លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ក៏បានវាយតម្លៃខ្ពស់កិច្ចប្រជុំទាំងមូលដែលបានផ្តោតការពិភាក្សាលើចំណុចខ្លាំង ចំណុចនៅខ្វះខាត បញ្ហាប្រឈម និងត្រិះរិះរកដំណោះស្រាយ ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងបានផែនការរួមមួយ ដើម្បីបន្តអភិវឌ្ឍកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនេះ តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាមូលដ្ឋានគ្រឹះនៃការរួមគិត រួមដោះស្រាយ រហូតសម្រេចបានផែនការរួមមួយសម្រាប់អភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត អនុវត្តជាជំហានៗ ទៅតាមអាទិភាពការងារ ហើយផែនការមួយនេះ គឺជាផែនទីចង្អុលផ្លូវដែលថ្នាក់កណ្តាល និងសាខានីមួយៗ អាចដឹងបានថាកាកបាទក្រហមកម្ពុជា កំពុងស្ថិតនៅទីតាំងណា ក្នុងឆ្នាំ២០២៥នេះ។
ផ្អែកលើទិសដៅការងារឆ្នាំ២០២៥ និងផែនការចំពោះមុខដែលបានចាត់អាទិភាព លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានផ្តល់អនុសាសន៍លើទិសដៅការងារដូចតទៅ៖
១៖ សូមបន្តពង្រឹងបណ្តាញ និងក្លឹបយុវជន ឱ្យនៅជាកម្លាំងចលករ នៃការចូលរួមលើកកម្ពស់សុខភាពល្អ និងភាពធន់នឹងអាកាសធាតុ។
២៖ សូមបំពាក់បំប៉ន និងបណ្តុះបណ្តាលជំនាញដល់អ្នកស្ម័គ្រចិត្តតាមភូមិ/ឃុំ កសាងសមត្ថភាពពួកគាត់ឱ្យទៅជា ភ្នាក់ងារសង្គ្រោះបឋម និងជាកម្លាំងចលករក្នុងភូមិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។
៣៖ សូមមានវិធានការធ្វើបច្ចុប្បន្នកម្មគោលនយោបាយ និងឯកសារគតិយុត្ត ឱ្យបានកាន់តែឆាប់ កាន់តែល្អ ព្រោះជាឧបករណ៍មគ្គុទ្ទេសក៍មួយដ៏សំខាន់ណាស់សម្រាប់ឆ្ពោះទៅសម្រេចគោលដៅប្រកបដោយចីរភាព។
៤៖ ក្នុងការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្ដរជាតិ សូមគិតពីចម្ងាយឱ្យបានគ្រប់ជ្រុងជ្រោយ និងយកបទពិសោធន៍នៃការរៀបចំក្នុងឆ្នាំ២០២៤ ជាមេរៀនដកពិសោធន៍។
៥៖ សូមអគ្គលេខាធិការដ្ឋាន ជាពិសេសក្រុមការងារអភិវឌ្ឍស្ថាប័នត្រូវតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបង្កើនសមត្ថភាព ភាពជាអ្នកដឹកនាំ/គ្រប់គ្រងដល់មន្ត្រីទាំងនៅទីស្នាក់ការកណ្តាល ព្រមទាំងមន្ត្រីតាមសាខា ដែលចូលការងារថ្មី និងត្រូវសហការជាមួយសាខាក្នុងបណ្តុះបណ្តាលអនុសាខា ក្រុមកាកបាទក្រហមតាមឃុំ/សង្កាត់ និងអ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងប្រធានក្លឹបជាដើម ហើយអ្នកទទួលបានការបណ្តុះបណ្តាល ត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យឱ្យបានគត់មត់។
ជាទីបញ្ចប់ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ក៏បានឧបត្ថម្ភថវិកាដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដោយក្លឹបនីមួយៗទទួលបានថវិកា ២លានរៀល ដើម្បីបន្តទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់ក្លឹបនីមួយៗ៕