ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ថ្កោលទោសដាច់អហង្ការលើអំពើភេរវកម្មប្រើដ្រូនប៉ុនប៉ងធ្វើឃាត សម្តេចតេជោ និងក្រុមគ្រួសារ ព្រមទំាងប្តេជ្ញាការពារសន្តិភាព តាមរយៈសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក
ភ្នំពេញ៖ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចលនាស្រ្តីស្រុកពញាឮ ក៏ដូចជាចលនាស្រ្តីទូទំាងខេត្ត បានប្រកាសថ្កោលទោសនិងប្រឆំាងដាច់អហង្ការចំពោះគម្រោងអំពើភេរវកម្មវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភា ក្នុងការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ របស់ក្រុមជ្រុលនិយម អគតិ គ្មានសាសនា។
គម្រោងទុច្ចរិតដែលជាអំពើភេរវកម្មនេះ ប្រឆំាងនឹងច្បាប់ជាតិនិងអន្តរជាតិ ប្រឆំាងឱវាទសាសនា ជាពិសេស ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋហើយក៏ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះអាយុជីវិតឥស្សរជនកំពូលរបស់ជាតិដែលបានធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រទេសជាតិនិងប្រជាជនតំាងពីដើមរហូតមក។ ទង្វើឃោរឃៅគ្មានសាសនានេះ បានសបង្ហាញឱ្យឃើញពីការប្រកាន់នូវវប្បធម៌ហិង្សារបស់ក្រុមជ្រុលនិយម ក៏បានសបញ្ជាក់ឱ្យឃើញនូវសន្តានរបស់ពួកគេ ដែលស្គាល់និងសាបព្រោះតែវប្បធម៌ហិង្សា ការគុំកួន ដែលជាគ្រោះធំបំផុតសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ ធ្វើឱ្យមានការបែកបាក់ជាតិ និងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្រ្គាមឡើងវិញបាននៅគ្រប់ពេលវេលា។
ជាមួយគ្នានេះ ក្រុមចលនាស្រ្តី ក៏បានប្រកាសពីការដឹងគុណនិងការពារជានិច្ចចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍ ដែលបានពលិកម្មសាច់ស្រស់ឈាមស្រស់ដើម្បីជាតិនិងប្រជាជន ក៏ដូចជា សម្តេចធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភាដែលកំពុងខិតខំការពារសុខសន្តិភាព ស្ថិរភាពសង្គម ជូនប្រជាពលរដ្ឋ ដោយឆន្ទៈមោះមុតជាទីបំផុត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ។
នៅក្នុងឱកាសដ៏មហោឡារិកនោះ សម្តេចរដ្ឋសភាធិបតី បាននាំពាំការផ្តំាផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណេត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកអង្គពិធីទំាងមូល។
មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារស្រ្តី ក៏ដូចជា គណបក្សប្រជាជនកម្ពុជាស្រុកពញាឮទំាងមូល សម្រេចបាននាពេលកន្លងជាផ្នែកមួយក្នុងការចូលរួមនាំមកនូវជ័យជម្នះយ៉ាងធំធេងនិងជាប្រវត្តិសាស្រ្តជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ កន្លងទៅនេះ។
សម្តេចប្រធានក្រុមការងារចលនាស្រ្តីខេត្តកណ្តាល បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេនវ័យក្មេងពោរពេញដោយថាមពល សមត្ថភាព និងចំណេះដឹងបានកំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិជាបន្តទៀត។
សម្តេចតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច។ សម្តេចតេជោ បានលើកឡើងថាជួយស្រ្តី មានន័យថាជួយខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពិភពលោកកាន់តែកក់ក្តៅនិងស្រស់បំព្រង បើមានការចូលរួមរបស់ស្រ្តីកាន់តែច្រើន។
ដើម្បីធានាបាននូវការអនុវត្តបានត្រឹមត្រូវនិងមានប្រសិទ្ធភាពក្នុងតួនាទី ភារកិច្ចខ្លួនរបស់ក្រុមចលនាស្រ្តី ស្រុកពញាឮ ខេត្តកណ្តាល ដែលទើបប្រកាសតែងតំាងនាពេលនេះ សម្តេចរដ្ឋសភាធិបតី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារ នៅក្នុងនោះត្រូវបន្តសហការជាមួយគណបក្សនិងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខុមាលភាពស្រ្តី និងសុខភាពមាតានិងទារក។ កសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្សនិងក្រុមការងារគណបក្សនិងស្របតាមផែនការទិសដៅការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីគណបក្សខេត្ត។
សម្តេចបាន ស្នើសុំដល់ក្រុមការងារស្រ្តី ក៏ដូចជាសមាជិកគណបក្សទំាងអស់ បន្តផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិនិងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍ស្រ្តី កុមារ ចាស់ជរា ជនងាយរងគ្រោះជាដើម ។ ជាមួយគ្នានេះក៏ខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក។ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ អនុវត្តរបបប្រជុំនិងរាយការណ៍ឱ្យបានទៀងទាត់។ ជាមួយគ្នានេះ សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ៕