សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី នាំយកសម្ភារៈនៃយុទ្ធនាការ «ចាស់អ្នកថ្មីខ្ញុំ» ចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ រស់នៅតំបន់ដាច់ស្រយាល ក្នុងស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រួមទាំងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងជាសមាជិកាគាំទ្រ បានដឹកនាំសមាជិកាគាំទ្រ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្លៀកបំពាក់ ដែលបានទទួលពីការបរិច្ចាគ នៃយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ នឹងបន្ថែមនូវសម្ភារៈសិក្សា ចែកជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាឡង់ណេះ និងសាលាបឋមសិក្សាត្រាំង គិក រួមទាំងប្រជាពលរដ្ឋ រស់នៅក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទិ្ឋនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលជានិច្ចកាល លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេស គ្រួសារក្រីក្រ និងសិស្សានុសិស្ស ដែលកំពុងខ្វះខាត នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគិរី។ លោកជំទាវ បញ្ជាក់ថា កម្មវិធីយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ គឺជាគំនិតផ្តួចផ្តើម របស់លោកជំទាវបណ្ឌិត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការកែឆ្នៃរបស់ដែលអ្នកប្រើរួច ទៅជារបស់ថ្មី មានប្រយោជន៍សំរាប់អ្នកដែលត្រូវការវា ដើម្បីចែករំលែកក្តីស្រលាញ់ដល់ប្រជាពលរដ្ឋ កុមារា កុមារីនៅកម្ពុជា។ ជាក់ស្តែង សម្លៀកបំពាក់ សម្ភារៈសិក្សា និងសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ ដើម្បីជាការចែករំលែកដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងតម្រូវការជាចាំបាច់។ លោកជំទាវ បានណែនាំដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមថែទាំសុខភាពឲ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ជាពិសេស ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
នាឱកាសនោះ អាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវ ប្រធាន និងក្រុមកាយឫទិ្ធនារី នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី ជាពិសេស លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានផ្តល់សម្ភារៈរបស់សប្បុរជន ក្នុងកម្មវិធីយុទ្ធនាការ ចាស់អ្នកថ្មីខ្ញុំ ក្នុងការជួយដោះស្រាយដល់ពួកគាត់បានមួយកម្រិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង