មនុស្ស៧ពាន់នាក់ បម្រើការនៅមជ្ឈមណ្ឌលឆបោក ហើយដែលត្រូវអាជ្ញាធរថៃ សហការជាមួយពួកឧទ្ទាមភូមា រំដោះបាននោះនឹងត្រូវបញ្ជូនទៅមាតុភូមិរបស់ពួកគេវិញ

ទីក្រុងបាងកក៖ មនុស្ស៧ពាន់នាក់ដែលបម្រើការនៅមជ្ឈមណ្ឌលឆបោក ហើយដែលត្រូវអាជ្ញាធរថៃសហការជាមួយពួកឧទ្ទាមភូមារំដោះបាននោះនឹងត្រូវបញ្ជូនទៅមាតុភូមិរបស់ពួកគេវិញ។ ខាងលើនេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន។ នៅពេលនេះ ប្រទេសថៃបន្តចាត់វិធានការដូចភ្លៀងរលឹមប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
អាជ្ញាធរថៃថ្លែងថាខ្លួនត្រៀមទទួលយកជនបរទេស១ម៉ឺននាក់ទៀតដែលទើបតែរំដោះបានថ្មីៗ។ មីយ៉ាវ៉ាឌីជាទីក្រុងរបស់ប្រទេសភូមានៅជាប់នឹងព្រំដែនថៃ។ ទីនេះអាចចាត់ទុកជាសម្បុកឆបោកដ៏ធំមិនត្រឹមតែប្រចាំតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែធំបំផុតនៅលើពិភពលោកផងក៏អាចថាបាន។ នេះបើយោងតាមការស្រាវជ្រាវរបស់មន្ត្រីអង្គការសហប្រជាជាតិ។

ប្រតិបត្តិការរបស់ក្រុមឆបោកបានក្លាយជាបញ្ហាសាកលនៅពេលជនរងគ្រោះត្រូវគេអូសទាញឱ្យបម្រើការផ្នែកនេះមកពីគ្រប់ទិសទីមានតាំងពីទ្វីបអាស៊ី អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ ពួកគេត្រូវគេបង្ខំឱ្យធ្វើការដូចជាទាសករដើម្បីបម្រើឱ្យក្រុមម៉ាស់ផ្ចា។ ទំហំទឹកប្រាក់ឆបោកនៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាចន្លោះពី១៨-២៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
មនុស្សយ៉ាងតិច១,២សែននាក់នៅភូមាត្រូវក្រុមឧក្រិដ្ឋជនធំៗអូសទាញឱ្យធ្វើការបម្រើពួកគេនៅក្នុងមជ្ឈមណ្ឌលឆបោក។ ភាគច្រើនណាស់ត្រូវគេអូសទាញដោយសារការផ្ដល់ប្រាក់ខែច្រើន។ ប្រទេសថៃចាប់ផ្ដើមចាត់វិធានក្ដៅបន្ទាប់ពីមានករណីបាត់ខ្លួនជនជាតិចិនបីនាក់។ ទោះបីពួកគេវិលត្រឡប់ទៅមាតុភូមិវិញដោយសុវត្ថិភាព ប៉ុន្តែសំណុំរឿងនេះប៉ះពាល់មុខមាត់ប្រទេសថៃផង និងវិស័យទេសចរណ៍របស់ថៃផង។
គួរកត់សម្គាល់ថាក្រុមឆបោកដែលរំដោះបាន ហើយប្រគល់ទៅឱ្យអាជ្ញាធរថៃដោយសារពួកគេស្ថិតនៅក្នុងតំបន់របស់ពួកឧទ្ទាមដែលប្រឆាំងនឹងរបបសឹករបស់លោកមីនអុងឡាំង។ របបសឹកក៏ធ្លាប់ចោទប្រកាន់ថាខ្លួនខិតខំបង្ក្រាបក្រុមឆបោក ប៉ុន្តែបង្ក្រាបមិនអស់ទេដោយសារប្រទេសថៃផ្គត់ផ្គង់ប្រេងសាំង និងភ្លើងអគ្គិសនីទៅឱ្យមជ្ឈមណ្ឌលឆបោក។ ហេតុនេះ ថៃក៏សម្រេចកាត់ផ្ដាច់ភ្លើងអគ្គិសនី បណ្ដាញអ៊ីនធឺណិត និងប្រេងឥន្ធនៈទៅកាន់ទីតាំងចំនួន៥ដែលជាសម្បុកក្រុមឆបោក។
មន្ត្រីអង្គការសហប្រជាជាតិជឿជាក់ថាពួកឧទ្ទាមភូមាប្រហែលជាទទួលរងសម្ពាធពីរដ្ឋាភិបាលថៃ។ ដូច្នេះខ្លួនត្រូវតែចាត់ការបង្ក្រាបក្រុមឆបោក។ ពួកគេគ្មានជម្រើសទេក្រៅពីការសហការជាមួយថៃដើម្បីបិទទីតាំងឆបោកទាំងនោះ។ ជនជាតិចិន២០០នាក់ត្រៀមបញ្ជូនទៅប្រទេសចិនវិញតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
កាលពីសប្ដាហ៍មុន មនុស្ស១៦០នាក់ដែលបម្រើការនៅមជ្ឈមណ្ឌលឆបោកត្រូវបណ្ដេញចេញពីប្រទេសភូមា។ ក្នុងនោះមានម្ភៃជាតិសាសន៍ សូម្បីតែជនជាតិអេត្យូពីនៅទ្វីបអាហ្វ្រិកក៏មាននៅក្នុងចំណោមនោះផងដែរ។ បុគ្គលិកជនជាតិម៉ាឡេស៊ីដែលត្រូវគេជួយសង្គ្រោះបានបានរៀបរាប់ថាជីវិតជាបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលឆបោកពិតជាមិនងាយស្រួលឡើយ។
បើពួកគេអាចឆបោកបានលុយទៅតាមផែនការកំណត់មិនអីទេ។ ប៉ុន្តែបើឆបោកមិនបានទេច្បាស់ជាត្រូវព្រនង់របស់ក្រុមម៉ាស់ផ្ចាហើយ។ ពេលខ្លះគេឆក់នឹងខ្សែភ្លើង ពេលខ្លះគេវាយនឹងរំពាត់ខ្សែតី និងពេលខ្លះបង្ខាំងទុកនៅក្នុងបន្ទប់ងងឹតសូន្យ ។ ក្នុងចំណោមអ្នកដែលត្រូវគេជួយសង្គ្រោះនោះ អ្នកខ្លះមានស្នាមជាំពេញខ្លួន អ្នកខ្លះត្រូវគេវាយទ្រមខ្លួន អ្នកខ្លះបាក់ឆ្អឹង៕

អត្ថបទដែលជាប់ទាក់ទង