បញ្ចប់តួនាទី ភារកិច្ចឆ្មាំទន្លេ ៣រូប ក្រោយបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ខេត្តក្រចេះ

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចបញ្ចប់តួនាទី ភារកិច្ច ឆ្មាំទន្លេអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតំបន់កាំពី ខេត្តក្រចេះចំនួន ៣រូប ពាក់ព័ន្ធនឹងការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត។
ការសម្រេចបញ្ចប់តួនាទី ភារកិច្ច ឆ្មាំទន្លេទាំង ៣នាក់ របស់អាជ្ញាធរខេត្ត ធ្វើឡើងនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បន្ទាប់ពីរកឃើញថា បុគ្គលទាំង ៣រូបនេះ មានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ តាមរយៈការបើកដៃឲ្យអ្នកនេសាទ ប្រើប្រាស់ឧបករណ៍ឆក់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

ឆ្មាំទន្លេទាំង៣នាក់ ដែលត្រូវបានបញ្ចប់ភារកិច្ច រួមមាន៖ លោក សេង កុសល អនុប្រធានប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតកោះផ្តៅ, លោក កាន វណ្ណៈ សមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ និងលោក មួង កែវឡាយ សមាជិកប៉ុស្តិ៍ឆ្នាំទន្លេ អភិរក្សសត្វផ្សោតជ្រោយបន្ទាយ។
បើតាមមន្ត្រីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការសម្រេចដកឆ្មាំទន្លេនៅតំបន់កាំពីចំនួន ៣រូបនាពេលនេះ ដោយមានភស្តុតាងច្បាស់លាស់ ទាំងតាមរយៈការស៊ើបអង្កេតរបស់មន្ដ្រីជំនាញនៃក្រសួងផង និងតាមរយៈសម្ដីផ្ទាល់របស់ជនសង្ស័យក្នុងបទល្មើសប្រើប្រាស់ឧបករណ៍ឆក់ដែលបានបង្ក្រាបនាពេលថ្មីៗនេះផង។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តក្រចេះ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល និងដកបានទូកស្មាច់និងម៉ាស៉ីន១គ្រឿង រួមនិងឧបករណ៍ល្មើសច្បាប់មួយចំនួនទៀត បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ក្រចេះ បាន សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនល្មើសរូបនេះ តាមបញ្ញត្តិ មាត្រា ៩៨ ខថាខណ្ឌ១ ចំណុច៤ នៃច្បាប់ស្តីពីជលផល ក្នុងមាត្រានេះ បានចែងថា ជនល្មើសត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ៥ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង