ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ
នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ K- Exambank ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ទីប្រឹក្សាបច្ចេកទេសកូរ៉េ (KECC – YOOSHIN-KRC-SAMAN J/V ) និងអ្នកម៉ៅការសាងសង់(KUMHO-DONGBU Joint Venture) ។
សូមជម្រាបថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ សាងសង់ប្រឡាយស្រោចស្រព និងរំដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបចំនួន ២១៦កន្លែង សាងសង់ និងស្តារអាងទឹកចំនួន៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ គិតត្រឹមថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៨,៨២%។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា គម្រោងនេះបានទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ដោយភ្ជាប់ប្រភពទឹកពីបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់ទីជម្រាលនៅជាប់ព្រំដែន ហើយកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិភាក្សា និងដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងក្នុងអំឡុងអនុវត្តការសាងសង់ និងជំរុញពន្លឿនការសាងសង់ឱ្យបញ្ចប់តាមផែនការដែលបានគ្រោងទុក នាពាក់កណ្តាលឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះមានសក្តានុពលស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ២៨ ៣៥៤ហិកតា និងរដូវប្រាំងប្រមាណ ១៣ ៨២៧ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្រ្តីបច្ចេកទេស អ្នកពាក់ព័ន្ធ និងអ្នកម៉ៅការសាងសង់ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងពង្រឹងគុណភាពបច្ចេកទេស គោរពនិងអនុវត្តតាមនិយាមការ និងបទដ្ឋានបច្ចេកទេសដែលមានចែងនៅក្នុងកិច្ចសន្យាសាងសង់ និងសូមយកចិត្តទុកដាក់ដល់សុខភាព និងសុវត្ថិភាពកម្មករ ដែលធ្វើការក្នុងការដ្ឋានពីបញ្ហាអាកាសធាតុនារដូវប្រាំងនេះ ដើម្បីឱ្យគម្រោងសាងសង់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕