ឯកឧត្តម សុខ លូ អញ្ជើញចូលរួមទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចូលរួមទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីជនមានពិការភាព លោកគ្រូ អ្នកគ្រូ អង្គការម៉ែក យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំឡូត, ស្រុកបាណន់, ស្រុករតនមណ្ឌល សរុបចំនួន ១១៣នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យសំឡូត ខេត្តបាត់ដំបង។
ដើម្បីអបអរទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ខាងមុខនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោមមូលបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព” ។
ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបងក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយបានស្នើប្រតិបត្តិករទាំងអស់ត្រូវខិតខំឆ្លើយតបដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា សំណូមពរដល់ប្រជាពលរដ្ឋដោយប្រមូលនិងកម្ទេចចោលគ្រាប់មីនយុទ្ធភ័ណ្ឌបន្សល់ទុកដែលប្រជាពលរដ្ឋបានរាយការណ៍។
ឯកឧត្តម សុខ លូ បានស្នើបងប្អូនទាំងអស់ជៀសវាងការរុករកកាកសំណល់អេតចាយដែលជាគ្រឿងផ្ទុះឬវត្ថុដែលសង្ស័យថាជាគ្រឿងផ្ទុះ មិនត្រូវកែច្នៃគ្រាប់ឬរំសេវផ្ទុះ មិនត្រូវប្រថុយប្រថានចូលទៅក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ក្នុងបំណងណាមួយ ដូចជា ប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងវត្ថុដែលសង្ស័យថាគ្រឿងផ្ទុះជាដើម។ស្នើរដ្ឋបាលស្រុក រដ្ឋបាលឃុំអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ជួយធ្វើការអប់រំយល់ដឹងពីមីននិងការសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាពនៅក្នុងនិងក្រៅសហគមន៍របស់ខ្លួនដើម្បីជៀសវាងពីគ្រោះថ្នាក់ពីបញ្ហាមីនជាយថាហេតុ។ ជួយផ្សព្វផ្សាយឲ្យបានទូលាយអំពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិការនានាជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវឱ្យបានជ្រាបគ្រប់ៗគ្នា។
លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានធ្វើសុន្ទរកថា ថាក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាកបាទក្រហមកម្ពុជាបានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះរបួស ពិការនិងគ្រួសារសពស្លាប់ដោយសារមីនព្រមទាំងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះ នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យដោយផ្ទាល់ និងបានទទួលនូវសេវាថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងសម្របសម្រួលដើម្បីទទួលបានសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ជាពិសេសទៅទៀតដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអគ្គលេខាធិការ និងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានចែកអំណោយជូនជនមានពិការភាពចំនួន ៣០នាក់ផងដែរ។យុទ្ធនាការផ្សព្វផ្សាយនេះបានរៀបចំដង្ហែក្បួនផ្សព្វផ្សាយចេញពីវិទ្យាល័យសំឡូត ឆ្ពោះទៅទីប្រជុំជនផ្សារស្រុកសំឡូត៕

អត្ថបទដែលជាប់ទាក់ទង