ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនៃគម្រោងកែលម្អប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាសមាជិកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលគម្រោងកែលម្អប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មព្រះរំកិល ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមប្រមាណ ១៥០នាក់។
សូមជម្រាបថា សមិទ្ធផលដែលត្រូវសម្ពោធក្នុងពេលនេះ រួមមាន៖ ទី១)អណ្តូងទឹកក្រោមដីជម្រៅ ១១៧ ម៉ែត្រ និងបំពាក់ម៉ូទ័របូមទឹក ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យចំនួន ២កន្លែង ដែលមានសមត្ថភាពបូមទឹកបានពី៦ ទៅ ៧ម៉ែត្រគូប ក្នុងមួយម៉ោងសម្រាប់អណ្ដូងនីមួយៗ ទី២)សំណង់ប៉មទឹក(ជើងទម្រស៊ីទែនទឹក) ធ្វើពីបេតុងអាមេ បំពាក់នូវស៊ីទែនទឹកចំនួន៤ ដែលមានចំណុះសរុប ៤០ម៉ែត្រគូប (១០ម៉ែត្រគូប/ស៊ីទែន) និងបំពាក់ទុយោបណ្តាញចែកចាយទឹក ជុំវិញស្ថានីយ ប្រវែង ៣០០ម៉ែត្រ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងរួមរបស់គម្រោង គឺដើម្បីផ្តល់ការគាំទ្រដល់សហគមន៍កសិកម្ម នៅតាមបណ្តាខេត្តគោលដៅចំនួន១៣ រួមមាន៖ ខេត្តកំពង់ឆ្នាំង សៀមរាប ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងរាជធានីភ្នំពេញ ហើយក្នុងពេលថ្មីៗនេះ គឺនៅចុងឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានឯកភាពពង្រីកខេត្តគោលដៅចំនួន ៥បន្ថែមទៀត រួមមាន៖ ខេត្តតាកែវ កំពង់ធំ ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ជាមួយនឹងការបន្តរយៈពេលគម្រោងចំនួន ១៨ខែទៀត (គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦)។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាអង្គភាពអនុវត្តគម្រោង ស្ថិតក្នុងសមាសភាគទី២អនុវត្តលើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធស្រោចស្រពក្រៅកសិដ្ឋាន បានអនុវត្តគម្រោងកែលម្អប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលពន្លឺព្រះអាទិត្យ ដែលបានចាប់ផ្តើមការងារសាងសង់កាលពីដើមខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ចប់ការងារទាំងស្រុងនៅចុងខែមករា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណទាន កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដែលអនុវត្តដោយក្រសួងចំនួន ៤ ក្នុងនោះរួមមាន៖ ទី១)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាអង្គភាពប្រតិបត្តិគម្រោង ទី២)ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ជាអង្គភាពអនុវត្តគម្រោង ទី៣)ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ជាអង្គភាពអនុវត្តគម្រោង និងទី៤)ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ជាអង្គភាពអនុវត្តគម្រោង។ សមិទ្ធផលដែលសម្រេចបាននៅពេលនេះ គឺជាសមិទ្ធផលផ្នែកធនធានទឹកថ្មីមួយទៀត ដែលក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិកសហគមន៍កសិកម្មព្រះរំកិល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងទីតាំងគម្រោង បានប្រើប្រាស់សម្រាប់ជាប្រយោជន៍រួម៕

អត្ថបទដែលជាប់ទាក់ទង