ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយក អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យការងារអន្តរាគមន៍ទឹក ដើម្បីស្រោចស្រពស្រូវរដូវប្រាំង ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យប្រឡាយមេកីចក ដើម្បីនាំទឹកទៅស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករប្រមាណ ៣២០ហិកតា ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់ឱ្យដឹងថា នៅទូទាំងខេត្តស្វាយរៀង ក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥ នេះ ផែនការបង្កបង្កើនផលស្រូវប្រាំងសរុបមានចំនួន ២០៥០០ហិកតា ប៉ុន្តែការអនុវត្តជាក់ស្តែងបានប្រមាណ ២៨ ១៣៧ហិកតា ស្មើនឹង ១៣៧,២៥%នៃផែនការ ហើយក្នុងនោះស្រូវប្រាំងជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រពមានចំនួន ៦០៧៣ហិកតា។
ឯកឧត្តមអគ្គនាយកបានបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត បានអន្តរាគមន៍បូមទឹកជួយសង្គ្រោះផ្ទៃដីស្រូវប្រាំងខាងលើបានសម្រេច ១០០%។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយកបានណែនាំ និងផ្តាំផ្ញើដល់លោកប្រធានមន្ទីរបន្តយកចិត្តទុកដាក់ជួយអន្តរាគមន៍សង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីបើមានការខ្វះខាតទឹក ជៀសវាងមានការខូចខាត ព្រោះនៅក្នុងប្រឡាយនៅមានទឹកអាចជួយសង្រ្គោះបាន៕

អត្ថបទដែលជាប់ទាក់ទង