មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ក្លែងជាអ្នកសារព័ត៌មាន និងមន្រ្តីអង្គការ ត្រូវកម្លាំងនគរបាលបង្រ្កាបបាន២នាក់ ស្រុកប្រាសាទបាគង, តុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

(សៀមរាប)៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីលួចម៉ូតូមួយនៅចំណុចទំនប់បឹងផ្ដៅ ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ឲ្យមន្រ្តីក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនល្មើស២នាក់ ដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើសយ៉ាងសកម្ម ក្នុងខេត្តសៀមរាប។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ជនល្មើសទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ រឿម គង់ អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប
*ទី២៖ ឈ្មោះ ពុត កុសន អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
របាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក ជនរងគ្រោះលោក រ៉េត រី អាយុ៤៧ឆ្នាំ រស់នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានជិះម៉ូតូចំនួន១គ្រឿងម៉ាកសង់ សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AK-6633 ទៅមើលលបដាក់ត្រី នៅចំណុចកើតហេតុ។ ពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូក្បែរទំនប់ទឹក ហើយបានដកកូនសោដាក់ក្នុងហោប៉ៅ បន្ទាប់មកទៅមើលលបដែលដាក់ត្រី លុះដល់វេលាម៉ោង១១ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចថា មានករណីអំពើលួច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះស្រាវជ្រាវរហូតដល់វេលាម៉ោង១រសៀល ថ្ងៃដដែល កម្លាំងនគរបាល បានឃាត់ខ្លួនជនល្មើសទាំង២នាក់ និងនាំខ្លួនយកមកសួរនាំ។
ជនល្មើសទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមេន។ ពួកគេបានឆ្លើយសារភាពបន្ថែមទៀតថា ពួកខ្លួនបានធ្វើសកម្មភាពលួចច្រើនលើកក្នុងក្រុងសៀមរាប និងតាមបណ្ដាស្រុកផ្សេងទៀត ដោយប្រើប្រាស់រូបភាពជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ ជិះរកមើលម៉ូតូណាដែលទុកប្រហែស ពុំមានចាក់សោសុវត្ថិភាព ពួកខ្លួនលួចតែម្តង ហើយនៅពេលដែលប្រជាពលរដ្ឋឃើញ ពួកខ្លួនបានយកកាត់សម្គាល់ខ្លួនមកបង្ហាញ និងអះអាងថា ជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្កការ មានឱកាសនាំគ្នាជិះម៉ូតូគេចខ្លួនតែម្ដង។
វត្តុតាងដែលសមត្ថកិច្ចដកហូតពីជនសង្ស័យមាន៖
*ទី១៖ ម៉ូតូចំនួន២គ្រឿង ដែលមួយគ្រឿងរបស់ជនរងគ្រោះ និងម៉ូតូម៉ាកសង់ សេរីឆ្នាំ២០១៥ ឡើងតែម២០១៦ ផ្លាកលេខសៀមរាប 1B-6853 ដែលពួកគេជិះសម្រាប់ធ្វើសកម្មភាព។
*ទី២៖ កូនសោចំនួន៣, ដង្កាប់ចំនួន៤, ម៉ាលេតចំនួន១, ខ្សែលួសមួយចំនួន (ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស)។
បច្ចុប្បន្នជនល្មើសទាំង២នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចហើយ ពាក់ព័ន្ធនឹងករណីចំនួន២ គឺ៖
*ទី១៖ ករណីអំពើលួច (លួចម៉ូតូ)
*ទី២៖ ករណីប្រើប្រាស់ឯកសារក្លែង។
លោកឧត្តមសេនីយ៍ទោស្នងការ សូមអំពាវនាវបងប្អូនក្នុងខេត្តសៀមរាបទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន កុំធ្វេសប្រហែលទុកម៉ូតូចោលនៅតាមទីវាល ដោយពុំបានចាក់សោសុវត្ថិភាព និងជាពិសេសកុំចាញ់បោកមុខសញ្ញា ដែលក្លែងខ្លួនជាអ្នកសារព័ត៌មាន ឬមន្រ្តីអង្គការដូចករណីខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង