លោក សុខ សូកេន រួមជាមួយសមាជិកបក្សប្រជាជនទូទាំងស្រុករមាសហែក រៀបចំកម្មវិធីពិសានំបញ្ចុកសាមគ្គីប្រកបដោយភាតរភាព
(ស្វាយរៀង)៖ លោក សុខ សូកេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង និងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤៥ អាណត្តិ៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកនិងឃុំទាំង១៦ គណៈកម្មាធិការបក្សឃុំទាំង១៦និងសាខាបក្សភូមិទាំងអស់នៃស្រុករមាសហែក សរុបប្រមាណ៦០០នាក់ នៅទីស្នាក់ការគណបក្សស្រុករមាសហែក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបានណែនាំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកនិងឃុំទាំង១៦ គណៈកម្មាធិការបក្សឃុំទាំង១៦និងសាខាបក្សភូមិទាំងអស់នៃស្រុករមាសហែក ឲ្យបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀន ការឆបោក និងកម្ចីតាមប្រព័ន្ធអនឡាញ ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសធនធានធម្មជាតិជាដើម និងបន្តលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីជំរុញភាពស្អាតស្អំ ដោយឈរលើអភិក្រមទាំង៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
លោកប្រធានក្រុមការងារបានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកទាំងអស់ ត្រូវគិតគូរបញ្ហាខ្វះខាតទឹកសម្រាប់ការបង្កបង្កើនផលនៅរដូវប្រាំង ដោយត្រូវចុះពិនិត្យ និងសិក្សាឱ្យបានច្បាស់អំពីប្រព័ន្ធធារាសាស្រ្តទូទាំងស្រុករមាសហែក ដើម្បីពិនិត្យលទ្ធភាពដោះស្រាយតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកបានបន្តណែនាំឱ្យសមាជិក សមាជិកាទាំងអស់ត្រូវតែមានជំហររឹងមាំខាងនយោបាយ និងសតិអារម្មណ៍ដោយគោរពស្រឡាញ់បម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម និងប្រឆាំងដាច់ខាតនូវឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបង្កនូវអស្ថិរភាពនយោបាយ និងជំរុញឱ្យមានការបែកបាក់ជាតិ។
លោកប្រធានក្រុមការងារក៏បានរៀបចំកម្មវិធីពិសារនំបញ្ចុកសាមគ្គីភាពជាមួយសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ និងបានផ្ដាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ត្រូវបន្តថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំតាមទិសស្លោក «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» នៅគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់៕