ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា អតីតប្រធានគណៈបញ្ជាការសមរភូមិមុខទិសយោធភូមិភាគទី4 បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកជូនចំពោះវិរៈកងទ័ព កងកម្លាំងប្រដាប់អាវុធឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា អតីតប្រធានគណៈបញ្ជាការសមរភូមិមុខទិសយោធភូមិភាគទី4 បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកជូនចំពោះវិរៈកងទ័ព កងកម្លាំងប្រដាប់អាវុធឈរជើងតាមបន្ទាត់ព្រំដែនទាំងអស់ ដែលកំពុងបន្តអនុវត្តសិទ្ធស្វ័យការពារទឹកដី រក្សាឆន្ទៈមោះមុតគោរព គាំទ្រ ការពារ និងស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឃើញទង្វើនៅប្រាសាទតាមាន់ថ្មីៗនេះ សុំផ្តាំទៅអាប្អូនៗមេទ័ពជាអ្នកជិតខាងដែលធ្លាប់រងកណ្តាប់ដៃឆ្នាំ2011របស់នាយឧត្តមសេនីយ៍ ជា តារា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថា គាត់និងមេទ័ពមួយចំនួនធំមិនទាន់ចូលនិវត្តន៍ទេ។ ជាង១០ឆ្នាំនេះគាត់បង្កើតបាន ជា តារា រាប់រយនាក់ជាកងទ័ពសម័យសម្តេចធិបតី រង់ចាំកំដរប្អូនៗបាន ប្រាប់ក្មេងៗ កុំព្រហ៊ើនដាក់ប្រជាជនខ្មែរជាបុព្វបុរសឯងពេក។
ការថ្លែងនេះក្នុងឱកាសឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ក្នុងនាមរដ្ឋមន្ត្រីប្រតិភូអមទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារអតីតៈយុទ្ធជន បានអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៣ពាន់នាក់ នៅភូមិបន្ទាយចាស់ ឃុំ-ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ដែលជាជ្រុងអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងការលើកកំពស់សុខុមាលភាពជូនប្រជាជន គ្រួសារទ័ព និងអតីតៈយុទ្ធជន ៕