ក្រសួងអប់រំ និងក្រសួងការងារ ពិភាក្សាគ្នាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុល ក្នុងកិច្ចប្រជុំស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដោយបានប្រមូលធាតុសំខាន់ៗជាច្រើន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដោយមានចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងពីរ។
មុនឈានចូលដល់កិច្ចពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគន្លងអប់រំ ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការរៀបចំគន្លងអប់រំនៅប្រទេសមួយចំនួន ដោយបានគូសបញ្ជាក់ថា ការតម្រង់ទិសតាំងពីកម្រិតបឋមសិក្សានឹងជួយកាត់បន្ថយអត្រាបោះបង់ ហើយថែមទាំងជួយសិស្សឱ្យត្រៀមខ្លួនបានល្អប្រសើរ ដើម្បីឈោងចាប់ជំនាញដែលខ្លួនស្រលាញ់។
កិច្ចប្រជុំនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរវាងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ដោយបានប្រមូលធាតុសំខាន់ៗជាច្រើន ដូចជា ៖
១) ការពង្រីកកម្មវិធីតម្រង់ទិសនៅកម្រិតមធ្យមសិក្សា
២) ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការពិគ្រោះយោបល់នៅតាមសាលារៀន ដើម្បីទទួលបានការគាំទ្រពីមាតាបិតា
៣) ការរៀបចំទ្បើងវិញស្តង់ដាកម្មវិធីសិក្សា ជាពិសេស ក) ត្រូវផ្ដោតបន្ថែមទៀតលើការគិតលំដាប់ខ្ពស់ (High Order Thinking) និងផ្ដល់ពេលវេលាដោះស្រាយបញ្ហា/លំហាត់, ខ) ការរៀបចំការបង្រៀន និងរៀន ផ្អែកលើប្រធានបទ នៅតាមកម្រិតថ្នាក់នីមួយៗ គ) ការផ្សាភ្ជាប់កម្មវិធីសិក្សាទៅនឹងបញ្ហាសង្គមនានា និងបញ្ហាពិភពលោក
៤) ការអនុវត្តតាមយុទ្ធសាស្ត្រផ្ការីក៖ ចាប់ផ្តើមពីប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដោយរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការជំនាញនៅតាមប៉ូលសំខាន់ៗ
៥) ផ្តល់ភាពទន់ភ្លន់ ក្នុងការផ្ទេរពីគន្លងអប់រំមួយ ទៅគន្លងអប់រំមួយទៀត ដោយភ្ជាប់លក្ខខណ្ឌ
៦) ការអនុវត្តសាកល្បង មុននឹងអនុវត្តពេញលេញទូទាំងប្រទេស។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តមររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំចងក្រងឯកសារទស្សនទានគន្លងអប់រំនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យមានការពិនិត្យ និងរៀបចំឡើងវិញនូវគន្លងអប់រំថ្មី មានលក្ខណៈបត់បែន និងទំនាក់ទំនងរវាងប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសដើម្បីរៀបចំថ្នាលបណ្តុះមូលធនមនុស្សប្រកបដោយសមត្ថភាព ឆ្លើយតបទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនាញក្នុងបរិបទសង្គមសេដ្ឋកិច្ចឌីជីថល៕

អត្ថបទដែលជាប់ទាក់ទង