អាសូរណាស់! កុមារ2នាក់បានស្លា..ប់ ករណីផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម នៅស្រុកស្វាយលើ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឱ្យដឹងថា កុមារពីរនាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ៦៦ មម សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

អគ្គនាយកស៊ីម៉ាក់ បានថ្លែងបញ្ជាក់ថា «នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់៦៦មម (ប្រភេទB-៦៣) ដែលជាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម បណ្តាលឱ្យកូនក្មេងតូចៗអាយុ២ឆ្នាំចំនួន២នាក់បានស្លាប់ដោយម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់កើតឡើងស្ថិតនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប»។
ជនរងគ្រោះរួមមាន៖ ១.ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ០២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ២.ឈ្មោះ ធំ យេន ភេទប្រុស អាយុ០២ ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកអគ្គនាយកស៉ីម៉ាក់រូបនេះ បានថ្លែងបន្តថា ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីននេះ ជាសោកវិនាសកម្មបានកើតមានឡើងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។ សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង និងសន្តិភាពពេញលេញមានជាង ២៥ឆ្នាំមកហើយ ប៉ុន្តែឈាមកូនចៅខ្មែរនៅតែបន្តហូរដោយសារសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាម៕

អត្ថបទដែលជាប់ទាក់ទង