ជំនឿបានរុញច្រានឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ការពារធនធានធម្មជាតិជាំធ្លក ក្លាយជារបងដ៏រឹងមាំការពារព្រៃ និងសត្វព្រៃ
(កំពង់ធំ)៖ អ្នកភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តែងតែប្រមូលផ្ដុំគ្នាធ្វើបុណ្យ «ឡើងអ្នកតា» ព្រោះមានជំនឿថា ម្ចាស់ទឹកម្ចាស់ដីនៅនោះ អាចឱ្យពួកគេបានសុខ និងជៀសផុតឧបទ្រពចង្រៃជាដើម។
ក្រៅពីប្រជុំគ្នាធ្វើសក្ការៈ អ្នកភូមិនៅទីនោះ ក៏មិនហ៊ានលបលួចកាប់ព្រៃឈើដែរ ដ្បិតបារម្ភអ្នកតាខឹងសម្បា នាំឱ្យជួបគ្រោះភ័យ។ ហេតុផលទាំងនេះ បានជំរុញឱ្យពួកគេចូលរួមការពារព្រៃឈើក្នុងសហគមន៍ខ្លួនយ៉ាងយកចិត្តទុកដាក់។
សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ក្នុងខេត្តកំពង់ធំ បានចូលរួមយ៉ាងសកម្មដាំស្តារព្រៃឈើ ក្នុងតំបន់ព្រៃរិចរិលបង្កើនជីវចម្រុះ ដើម្បីបង្កើនគម្រប់បៃតង។
សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១០ លើទំហំផ្ទៃដីចំនួន ៥,២០៤ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមាន ប្រជាជនរស់នៅរហូតដល់ ១.១១៣គ្រួសារ។ ការងារសំខាន់ៗរបស់សហគមន៍គឺផ្តោតទៅលើកិច្ចការងារអភិរក្សការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពិសេស គឺការងារដាំស្តារព្រៃ និងការគិតគូរពីចំណូលទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងសហគមន៍ផងដែរ៕