សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ហេង សំអាន ជាប្រធានកិត្តិសយគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួម ប្រមាណ ៤៥០នាក់។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ រួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានានឹងឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាមួយគ្នានេះ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើន មានឱកាសកាន់តំណែង ជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពរបស់រដ្ឋ។ តាមរយៈ សកម្មភាព របស់ស្ត្រីបានចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ក្នុងទីផ្សារការងារសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបរិបទបច្ចេកវិជ្ជាទំនើប ប្រែក្លាយខ្លួនជាសហគ្រិនភាព ឫបុគ្គលិកឆ្នើមក្នុងស្ថាប័នឯកជន ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនាថ្ងៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។
ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ហេង សំអាន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា» ៕