បង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ចំនួន ០២ទីតាំង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងវាលស្រែ ស្ថិតក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបងនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់២៥នាក់ អនុវត្តតាមច្បាប់ ។ បាត់ដំបង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយកការិយាល័យកម្រិតធ្ងន់ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ភ្នាល់មាន់ជល់) ចំនួន ០២ទីតាំង នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងវាលស្រែ ស្ថិតក្នុងភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ២៥នាក់ ។
វត្ថុតាងដកហូតរួមមាន៖ មាន់ជល់ ចំនួន ០៨ក្បាល, សង្វៀនសម្រាប់ ជល់មាន់ ចំនួន០៣, ចង្ក្រានហ្គាស ចំនួន ០២, ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ ចំនួន០១, ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន០២, គោយន្តកន្ត្រៃ ចំនួន ០១គ្រឿង, ម៉ូតូ ចំនួន ៣៧គ្រឿង, រថយន្ត ចំនួន ០៨គ្រឿង ។
សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕