ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ជួយជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ជួយជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មីកាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជា សិរី បានលើកឡើងពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងចែករំលែកអំពីវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុ និងការសហការរៀបចំគម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ដែលនឹងសម្រួលដល់ការទូទាត់ភ្លាមៗរវាងអ្នកទេសចរខ្មែរនៅប្រទេសឥណ្ឌា ក៏ដូចជាអ្នកទេសចរឥណ្ឌាមកទស្សនាកម្ពុជាផងដែរ។
លោកជំទាវ ទេសាភិបាលធនាគារជាតិ ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត អំពីស្ថានភាពអំណោយផលសម្រាប់វិនិយោគិនឥណ្ឌា ដែលមានបំណងមកធ្វើការវិនិយោគនៅកម្ពុជា ព្រោះកត្តាសុខសន្តិភាព ស្ថិរភាពនៃការធ្វើដំណើរតាមរយៈការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដេលី ជាដើម។
ផ្អែកលើកត្តាទាំងនេះ លោកជំទាវ ជា សិរី ស្នើដល់លោកឯកអគ្គរដ្ឋទូត សូមជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌា ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ឱ្យមកសិក្សាស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជា ឱ្យបានច្រើន។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអរគុណដល់លោកស្រី ជា សិរី ព្រមទាំងបានលើកសរសើរផងដែរពីបរិយាសកាសវិនិយោគកម្ពុជា។
លោកឯកអគ្គរដ្ឋទូត រំលេចថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសមួយដែលវិនិយោគិនឥណ្ឌាមិនត្រូវមើលរំលង ជាពិសេសក្នុងវិស័យធនាគារ ដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស! នេះសបញ្ជាក់ឱ្យឃើញថាលោកនឹងមិនរារែកក្នុងការជួយផ្សព្វផ្សាយពីបរិយាកាសវិនិយោនេះ ទៅកាន់វិនិយោគិនឥណ្ឌាឡើយ។
លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរនូវប្រព័ន្ធទូទាត់កម្ពុជា ដែលមានភាពទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការតភា្ជប់ ការទូទាត់ឆ្លងដែនដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែមទៀត៕