នាយឧត្តមសេនីយ៍ ស ថេត ជួបពិភាក្សាការងារជាមួយ ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ

ភ្នំពេញ៖ នៅទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លីវ ចុងអ៊ី (LIU ZHONGYI) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងមហាផ្ទៃ។
ជំនួបដ៏មានសារសំខាន់នេះ ធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ ពិសេសការផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមកលើយន្តការដែលមានស្រាប់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលភាគីទាំងពីរបានធ្វើរួមគ្នាកន្លងមកឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់បន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏សូមថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ និងផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេលកន្លងមក។
ជាការឆ្លើយតប ឯកឧត្តម លីវ ចុងអ៊ី (LIU ZHONGYI)ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់កិច្ចសហការល្អនាពេលកន្លងមករវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងកាន់តែរីកលូតលាស់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង