សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥
រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ជាមួយគ្នានេះរាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា។ ក្រសួងបានយកចិត្តទុកដាក់ជាប្រចាំពង្រឹងគុណភាពអប់រំគ្រប់កម្រិតថ្នាក់ ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការគ្រប់គ្រងនៅតាមសាលារៀន ដោយផ្តោតលើស្តង់ដាសាលារៀនគំរូ ការចុះអធិការកិច្ចអប់រំ ការអនុវត្តតេស្តស្តង់ដាតាមសាលារៀនបានទៀងទាត់ និង ចាត់វិធានការជួយសិស្សរៀនយឺត។ ជាក់ស្ដែង ភាគរយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ កើនពី ៧២,៩% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៧៩% នៅឆ្នាំសិក្សា២០២៣- ២០២៤ ភាគរយសិស្សប្រឡងជាប់មធ្យមសិក្សាបឋមភូមិ កើនពី ៩៤,៥% នៅឆ្នាំសិក្សា ២០២២-២០២៣ ដល់ ៩៦,២៧% នៅឆ្នាំសិក្សា ២០២៣-២០២៤ ។
រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី២៦ កុម្ភៈ ២០២៥