សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី“អនាគត នៃអាហារដោយការប្រើប្រាស់ប្រព័ន្ធសម្អាត និងបម្លែងសំណង់សារធាតុចិញ្ចឹមពីក្នុងអាងចិញ្ចឹម ដើម្បីប្រើប្រាស់ក្នុងការដាំបន្លែនៅលើទឹកដោយថាមពលពន្លឺព្រះអាទិត្យ”
ទីស្តីការក្រសួង៖ ដោយទទួលការអនុញ្ញាតពី ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សយ សេរីសុវឌ្ឍនៈ នាយកស្ដីទីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី“អនាគត នៃអាហារដោយការប្រើប្រាស់ប្រព័ន្ធសម្អាត និងបម្លែងសំណង់សារធាតុចិញ្ចឹមពីក្នុងអាងចិញ្ចឹម ដើម្បីប្រើប្រាស់ក្នុងការដាំបន្លែនៅលើទឹកដោយថាមពលពន្លឺព្រះអាទិត្យ” ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ និងមន្ដ្រីរាជការវិទ្យាស្ថាន មន្ដ្រី-បុគ្គលិកមកពីគ្រឹះស្ថានឧត្ដមសិក្សា ស្ថាប័នស្រាវជ្រាវ ក្រុមហ៊ុនមកពីវិស័យពាក់ព័ន្ធ និងនិស្សិតវិទ្យាស្ថាន សរុបប្រមាណ ១០០នាក់។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការអនុវត្ដគម្រោងក្នុងដំណាក់កាលទី១ របស់វិទ្យាស្ថាន និងដើម្បីទទួលយកធាតុចូលដល់ការរៀបចំរបាយការណ៍សិក្សា សំដៅធ្វើឱ្យសៀវភៅណែនាំស្តីពីការឌីហ្សាញ និងប្រតិបត្តិការ និងថែទាំកាន់តែមានសុក្រឹត្យភាព។
លោកនាយកស្ដីទីវិទ្យាស្ថាន បានលើកឡើងពីគុណប្រយោជន៍ និងការខ្វះមិនបាននូវជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលជំនាញនេះអាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ទាំងក្នុងប្រតិបត្ដិការប្រព្រឹត្ដកម្មទឹក ការបន្សុទ្ធទឹក ការពិនិត្យគុណភាពទឹក និងអនុវត្ដបានទាំងក្នុងវិស័យកសិកម្ម ជលផល(ការចិញ្ចឹមត្រឹ) និងបរិស្ថានជាដើម។
ជាលទ្ធផល ក្រុមការងារអនុវត្ដគម្រោងរបស់វិទ្យាស្ថាន បានទទួលនូវមតិយោបល់ និងធាតុចូលជាច្រើនសម្រាប់កែលម្អសៀវភៅណែនាំ និងកោតសរសើរចំពោះគំនិតផ្តួតផ្ដើមក្នុងការអនុវត្ដគម្រោងនេះ ព្រោះគម្រោងនេះបានចូលរួមចំណែកទាំងការសម្អាតទឹក ទាំងចូលរួមចំណែកដល់ការបង្កើនផលិតភាពដាំដុះ តាមរយៈការប្រើប្រាស់ទឹកពីស្រះចិញ្ចឹមត្រីមកធ្វើជាទឹកសម្រាប់ការដាំដុះបន្លែលើទឹក៕