ក្រុមការងារសម្របសម្រួលវិស័យអប់រំរបស់លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខនាយកសាលាបឋមសិក្សាសំពៅ ក្រុងច្បារមន ដែលមានជំងឺចូលសង្រ្គោះបន្ទាន់
(កំពង់ស្ពឺ)៖ ក្រុមការងារសម្របសម្រួលជាមួយវិស័យអប់រំនៅខេត្តកំពង់ស្ពឺរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក សុខ សង្វារ បាននាំយកថវិការបស់លោក ហ៊ុន ម៉ានី និងចុះសួរសុខទុក្ខលោក ឆាយ ក្តឹប នាយកសាលាបឋមសិក្សាសំពៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាកព្យាបាលនៅបន្ទប់ ICU នៃមន្ទីរពេទ្យជាតិតេជោសន្តិភាព។
លោក ឆាយ ក្តឹប មានអាការមិនស្រួល បានដួលផ្ងារក្រោយបោកក្បាលសន្លប់បាត់ស្មារតី នៅពេលដែលលោកចូលបន្ទប់ទឹក ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកពេទ្យជាតិតេជោសន្តិភាពភ្លាមៗ។ ក្រោយពីទទួលបានដំណឹងនេះ លោក ហ៊ុន ម៉ានី បានចាត់ក្រុមការងារចុះទៅសួរសុខទុក្ខ និងចូលរួមជួយសម្រាលបន្ទុកការព្យាបាលមួយចំនួនជាមួយក្រុមគ្រួសារលោកនាយកផងដែរ។
ជានិច្ចកាល លោក ហ៊ុន ម៉ានី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តែងបានផ្សារភ្ជាប់ជាប្រចាំជាមួយគ្រូបង្រៀនទូទាំងខេត្ត និងគិតគូរដល់សុខទុក្ខលោកគ្រូ អ្នកគ្រូ មិនថាមានពេលសម្រាលបុត្រជំងឺឈឺថ្កាត់ ឬគ្រោះថ្នាក់ផ្សេងៗនោះទេ។
ជាមួយគ្នានោះដែរ ក្រុមគ្រួសារ លោក ឆាយ ក្តឹប បានសម្តែងនូវសេចក្តីថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល៕