ការសម្ដែងគុនល្បុក្កតោ ក្នុងពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជានកម្ពុជា-ចិន» បង្ហាញពីគុណតម្លៃ និងភាពសម្បូរបែបនៃវប្បធម៌កម្ពុជា
(ភ្នំពេញ)៖ លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលក្បាច់គុនល្បុក្កតោ បានចូលរួមសម្ដែង ជាមួយក្បាច់គុនសៅលិញ ក្នុងពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីដើមសប្ដាហ៍កន្លងទៅ ដែលជាការផ្ដល់នូវគុណតម្លៃ និងបង្ហាញនូវភាពសម្បូរបែបនៃវប្បធម៌កម្ពុជា។
ក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ លោកបានចាត់ទុកការចូលរួមព្រឹត្តិការណ៍ខាងលើ ពិតជាផ្ដល់នូវគុណតម្លៃសម្រាប់កម្ពុជាទាក់ទងនឹងសិល្បៈក្បាច់គុន ពិសេសគុនល្បុក្កតោ។ កន្លងមកអន្តរជាតិបានស្គាល់កម្ពុជា ភាគច្រើនស្គាល់តែអង្គរវត្ត ដែលជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល ស្គាល់របាំអប្សរា និងរបាំប្រពៃណីផ្សេងៗ ក៏ប៉ុន្ដែក្បាច់គុន ក៏ជាចំណែកមួយដ៏ធំនៃវប្បធម៌របស់កម្ពុជាដែរ ដែលមានអំណះអំណាងជាក់លាក់នៅតាមជញ្ជាំងប្រាសាទ និងបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។
លោកបន្ដថា «ដូច្នេះតាមរយៈព្រឹត្តិការណ៍នេះ ខ្ញុំគិតថា គឺជាចំណុចមួយ ដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា ហើយក៏ទាក់ទាញភ្ញៀវទេសចរ ដែលចាប់អារម្មណ៍លើការសិក្សាស្រាវជ្រាវ ឬចង់ជ្រួតជ្រាបបន្ថែមអំពីសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលជាក្បាច់គុនមួយវ័យចំណាស់ ដូចជាក្បាច់គុនសៅលិញ ដូចនឹងក្បាច់គុនកុងហ្វូ របស់ជនជាតិចិនដែរ»។
«មួយវិញទៀត ទាក់ទងនឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយនៅក្នុងនោះ ក្រៅពីក្រៅពីទំនាក់ទំនងកាទូត ក៏មានទំនាក់ទំនងផ្នែកយោធាដែរ តាំងពីបុរាណ ដែលឃើញមានសិលាចារិកនៅលើជញ្ជាំងប្រាសាទ បាយ័ន។ ក្រៅពីទំនងទំនងយោធា ក្នុងនោះ ការសំយោគ រវាងអ្នកគុននិយមចិន និងអ្នកគុននិយមខ្មែរ ដែលបម្រើក្នុងជួរកងទ័ពកាលពីបុរាណ គឺជៀសមិនផុតពីការសំយោគគ្នា និងការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនោះទេ។ ដូច្នេះហើយការបង្ហាញក្បាច់គុនរួមគ្នានេះ ពិតជាមានខ្លឹមសារល្អ ដែលបានបញ្ជាក់អំពីទំនាក់ទំនង តាំងពីអតីតកាល ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ រហូតបច្ចុប្បន្នកាល ក្នុងគោលដៅរឹតចំណងមិត្តភាព និងគោលដៅទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ ផងដែរ»។ លោក អ៊ួ តារា បន្ថែម។
គួរដឹងថា ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ កាលពីដើមសប្ដាហ៍កន្លងទៅ ក្រៅពីការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក៏មានការសម្ដែងនូវសិល្បៈវប្បធម៌រួមគ្នាជាច្រើន រវាងកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូកម្ពុជាជាច្រើន ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ដ្រី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕