ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម៖
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកជួបបងប្អូនសាសនិកឥស្លាមសារជាថ្មី ក្នុងពិធីបើកកិច្ចប្រជុំកំពូល ឥស្លាម ក្រោមប្រធានបទ “ឥស្លាម និង ពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League “RABITAH”)
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ នៅក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការ- ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក (RISEAP) សម្តេចបានសន្យាថា នឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលឥស្លាមនេះ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមសម្តែងការកោតសរសើរចំពោះអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានជួយផ្ចុងផ្តើមរៀបចំកិច្ចប្រជុំកំពូលនេះ ដែលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រ ដែលកម្មវិធីដ៏មានសារៈសំខាន់ និងមានអត្ថន័យជាសកល ក្នុងបរិការណ៍នៃសាសនាឥស្លាម ត្រូវបានប្រារព្ធឡើងនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនាជាតិរបស់កម្ពុជា, ហើយ រដ្ឋធម្មនុញកំណត់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ, ប៉ុន្តែយើងពិតជាមាន មោទនភាពក្រៃលែង ដែលអង្គការសម្ព័ន្ធពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព, ភាពអត់ឱន, ភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និង សាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដូចដែលសម្តេចបានលើកកាលពីពេលថ្មីនេះមកថា ជាតថភាពប្រវត្តិសាស្ត្រ, ការជំរុញសុខដុមនីយកម្មសាសនា គឺជាឌីអេនអេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមសម្តេចជាថ្នាក់ដឹកនាំបន្តវេន សម្តេចសូមធានាអះអាងថា យើងនឹងនៅតែបន្តអនុវត្តគោលនយោបាយនេះ, ពីព្រោះនេះគឺជាការធានាភាពសុខសាន្ត និងសុខដុមរមនារបស់សង្គមជាតិយើងទាំងមូល។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទថ្ងៃនេះ គឺ «ឥស្លាម និង ពុទ្ធសាសនា» ដែលជាជម្រើសប្រធានបទដ៏ សក្តិសមបំផុត សម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនា អន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា, សមាជិក របស់អង្គការសម្ព័ន្ធពិភពឥស្លាម, បណ្ដារដ្ឋ ៥៧ ប្រទេស ដែលជាសមាជិកនៃអង្គការ-សហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានាលើសាកលលោកសុទ្ធតែបានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនា របស់ប្រជាពលរដ្ឋទូទៅ, បូករួមទាំងបងប្អូនសាសនិកឥស្លាម ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់សាសនាទាំងអស់ សុទ្ធតែបានតម្រង់ទិស សាសនិករបស់ខ្លួនទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និង សេចក្តីប្រោសប្រណី ចំពោះមនុស្សជាតិ និង រាល់ជីវិតទាំងអស់នៅលើលោក។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើបងប្អូន ខ្មែរឥស្លាម និង បងប្អូនប្រកាន់យកសាសនាផ្សេងៗ គឺមានតាំងពីថ្នាក់ដឹកនាំកំពូលដែលកាន់ព្រះពុទ្ធសាសនា រហូតដល់ថ្នាក់មូលដ្ឋានជាក់ស្តែង ដូចជាព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណីដល់សហគមន៍ចាម ដែលជាជនភៀសខ្លួន ដោយសារសង្គ្រាម បានមករស់នៅលើទឹកដីកម្ពុជា, បានរាជានុញ្ញាតដល់ជនជាតិចាម, ចូលរួមប្រយុទ្ធការពារទឹកដីកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំង និង បាន ប្រទាននាមដល់បងប្អូនជនជាតិភាគតិចាមថាជា “ខ្មែរឥស្លាម” នៅក្រោយទទួលបានឯករាជ្យពីបារាំងនាឆ្នាំ ១៩៥៣ ដោយព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ក្នុងគោលបំណងចង់ឱ្យ ក្រុមជាតិភាគតិចាម បានក្លាយជាពលរដ្ឋខ្មែរ, កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយ ព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, សេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន សហគមន៍ខ្មែរឥស្លាមមានការរីកចម្រើន និងមានសេរីភាពជំនឿសាសនា យ៉ាងពេញលេញ និងរាជរដ្ឋាភិបាលបានរៀបចំឱ្យមាន ស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅ ថ្នាក់ក្រោមជាតិ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ក៏បានផ្ដល់ជូនសហគមន៍ខ្មែរឥស្លាម ដូចជា៖ ការរៀបចំអាហារស្រាយបួសរ៉ាម៉ាឌនប្រចាំឆ្នាំ តាំងពីឆ្នាំ ២០១៤ មក ដែលមានអ្នកចូលរួមទាំងភ្ញៀវ-ជាតិ និងអន្តរជាតិជាមធ្យម ប្រមាណ៥០០០នាក់ក្នុងមួយឆ្នាំ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ សម្តេចនិងភរិយា នឹងចូលរួមជាលើកទី២ ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី៩ ឆ្នាំ២០២៥នេះ ដែលមានការចូលរួមសរុបចំនួន៦២០០នាក់។ សម្តេចក៏សូមអញ្ជើញមិត្តភក្តិបរទេសចូលរួមជាមួយសម្តេចផងដែរ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេរីភាពនៃការគោរពប្រណិប័តន៍សាសនាឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយជាក់ស្ដែង សិស្ស-និស្សិតខ្មែរឥស្លាម អាចស្លៀកសម្លៀកបំពាក់ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ហើយបងប្អូនជាស្ត្រីអាចទទូរក្បាល ហើយបុរសក៏អាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសារ រដ្ឋបាល ដូចជា លិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណ ។ល។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានកន្លែងថ្វាយបង្គំនៅតាមព្រលានយន្តហោះ មន្ទីរពេទ្យរដ្ឋ រោងចក្រ សណ្ឋាគារ និងផ្សារធំៗមួយចំនួន ជាពិសេសនៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។ លក្ខណៈពិសេសមួយទៀតនៅកម្ពុជា គឺនៅពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាសាកល បណ្ដាប្រទេសជាច្រើនបានតម្រូវឱ្យបូជាសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ រួមទាំងសពបងប្អូនឥស្លាម។ ប៉ុន្តែសម្រាប់កម្ពុជា ដោយសារមានសំណូមពរពីថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាម ដើម្បីអនុវត្តស្របតាមក្រឹត្យក្រម ច្បាប់សាសនាឥស្លាម, ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលនោះ បានអនុញ្ញាតលើកលែងការបូជាសពដល់បងប្អូនខ្មែរឥស្លាម ហើយអនុវត្តតាមប្រពៃណី។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានផ្ដល់កញ្ចប់ថវិកាជូនគ្រួសារនៃសពជាទូទៅ រួមទាំងខ្មែរឥស្លាម ដែលរងគ្រោះដោយជំងឺកូវីដ-១៩, បានផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់គ្រួសារដែលរងផលប៉ះពាល់ និងងាយរងគ្រោះកំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩, បានបង្កភាពងាយ ស្រួលដល់អ្នកជំងឺកូវីដ-១៩ ជាឥស្លាម ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ អាចទទួលបានម្ហូបអាហារហាឡាល និង បានផ្តល់ឱកាសផ្សេងៗផងដែរ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន១៥០០នាក់ និង គ្រូជាប់កិច្ចសន្យា១៧៨នាក់ ក្នុងនេះ មានស្ត្រី ៣៥០នាក់ តាំងពីឆ្នាំ២០១៥ ដែលទទួលបៀវត្សសរុបប្រមាណ ៦,៦លាន ដុល្លារអាមេរិក ក្នុង១ឆ្នាំ ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបង្កភាពងាយស្រួលដល់សាសនិកឥស្លាមទាំងក្នុងប្រទេស និងបរទេស ពិសេសភ្ញៀវទេសចរ ឥស្លាមក្នុងការទទួលទានអាហារ, រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នហាឡាល តាំងពីឆ្នាំ២០១៦ ដោយមានកិច្ចសហការ ជាមួយបណ្តាស្ថាប័នបរទេស ដែលមកដល់ពេលនេះ មានម្ហូបអាហារហាឡាលមួយចំនួនត្រូវបាននាំចេញទៅកាន់ពិភពលោក។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរីកចម្រើននៃប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយតាមបណ្តាញសង្គម, យើងទាំងអស់គ្នាត្រូវមានការទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត, ការបណ្តុះមនោសញ្ចេតនារើសអើងស្អប់ខ្ពើម និងការលើកស្ទួយលទ្ធិជ្រុលនិយម។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងសាសនា ដែលគ្រប់គ្រងបានយ៉ាងល្អនូវសមាសភាពដែលជាតំណាង នៃសាសនានីមួយៗ និងបានចូលរួមដោយសកម្មនៅក្នុងការអនុវត្តគោលនយោបាយធានាសុខដុមរមនាជាតិសាសន៍ និងសាសនារបស់កម្ពុជា ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាចង់ឃើញសកម្មភាពសង្គមជាច្រើនទៀត ដែលមានការចូលរួមអន្តរសាសនា ដែលអាចបង្ហាញជូនដល់ សាសនិកទាំងអស់ អំពីសាមគ្គីភាព ជាសង្គមមួយ ដែលមានបរិយាប័ន្ន មានភាពអត់ឱន និងភាពនិយមកណ្ដាល។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធិជ្រុលនិយម គឺជាសត្រូវនៃភាពសុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គម។ ជាក់ស្ដែង, គ្មានសង្គមណាមួយដែលមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយសង្គមដែលទាមទារភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមក នូវសោកនាដកម្ម, ការធ្វើទុក្ខបុកម្នេញ, ការសងសឹកគ្មានទីបញ្ចប់។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួនបានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និង គុណតម្លៃ មិនអាចកាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី ២ របស់ ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ។ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង លើក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ, រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្ទាន់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ត្រូវមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងនោះឡើយ ។ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និងការចូលរួមសហការជំរុញ កិច្ចសន្ទនាអន្តរសាសនា ដោយគ្មានរើសអើង ដោយគ្មានលទ្ធិជ្រុលនិយម គឺជាកត្តាគាំទ្រដ៏សំខាន់ សម្រាប់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលធានា ភាពសុខដុមរមនា និង សន្តិសហវិជ្ជមានរបស់សង្គមដែលមានភាពចម្រុះ ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រកាសបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម” ចាប់ពីពេលនេះតទៅ៕
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩៖០២នាទី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ៕