ក្រុមចោរឆក់ចំនួន៣នាក់ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់ជាបន្តបន្ទាប់ ចំនួន២ករណី
ភ្នំពេញ ៖ ក្រុមចោរឆក់ចំនួន៣នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្ទាប់ពីធ្វើសកម្មភាពឆក់ជាបន្តបន្ទាប់ចំនួន២ករណី។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ ស៊ឹម សុខលាប ភេទប្រុស អាយុ១៧ឆ្នាំ ,២-ឈ្មោះ គ្រៀល រតនា ភេទប្រុស អាយុ១៧ឆ្នាំ,៣-ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ៤៥ នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចផ្ទះលេខ២ឌ ផ្លូវបេតុង ក្រុម៣ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យនេះ ពាក់ព័ន្ធ២ករណី ៖ ករណីទី១-អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២០ និង ៤០នាទី ស្ថិតនៅ ចំណុចមុខបុរីជីកម៉ុង ផ្លូវ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងករណីទី២ .អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក) កាពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង០០នាទីល្ងាចស្ថិតនៅចំណុចមុខបុរីជីកម៉ុង ផ្លូវ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅក្នុងការឃាត់សមត្ថកិច្ចដកហូត វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១KR-៨៦៣០ ចំនួន១គ្រឿង ។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕