ភរិយាតារាកំប្លែងនាយតាក់ ស៊ី បានចេញមុខបដិសេធនូវព័ត៌មានដែលបានចុះផ្សាយថា ស្វាមីរបស់ខ្លួនបានធ្វើការវះកាត់ដូរក្រលៀនបានដោយជោគជ័យ

ភ្នំពេញ ៖ ភរិយាតារាកំប្លែងនាយតាក់ ស៊ី បានចេញមុខបដិសេធនូវព័ត៌មានដែលបានចុះផ្សាយថា ស្វាមីរបស់ខ្លួនបានធ្វើការវះកាត់ដូរក្រលៀនបានដោយជោគជ័យ បន្ទាប់ពីតារាកំប្លែងរូបនេះបានធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែម រហូតធ្វើឱ្យខូចក្រលៀនអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។
ការចេញមុខបដិសេធពីតារាកំប្លែងនាយ តាក់ ស៊ី នាពេលនេះ បានធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះមានព័ត៌មានលេចឮថា តារាកំប្លែងរូបនេះ បានធ្វើការវះកាត់ដូរក្រលៀនបានដោយជោគជ័យ ហើយក្នុងពេលដែលព័ត៌មាននេះចេញមកពីប្រភពភរិយារបស់លោក ។
ពាក់ព័ន្ធបញ្ហានេះ ភរិយានាយ តាក់ ស៊ី បានអះអាងប្រាប់ថា រហូតមកទល់នាពេលនេះ ស្វាមីរបស់អ្នកនាងនៅមិនទាន់បានធ្វើការវះកាត់ដូរក្រលៀននៅឡើយទេ ដោយអំឡុងពេលនេះ ស្វាមីរបស់នាងនៅថែរក្សាសុខភាពឲ្យល្អជាមុនសិន ។

យ៉ាងណា ភរិយារបស់នាយ តាក់ ស៊ី មិនបានធ្វើការឆ្លើយតបណាមួយនៅពេលដែលមានការសាកសួរអំពីការលេចឮនូវព័ត៌មានពីការវះកាត់ដូរក្រលៀនបានជោគជ័យរបស់ស្វាមីនោះឡើយ ។
ជាកាត់សម្គាល់ តារាកំប្លែងនាយ តាក់ ស៊ី បានជួបប្រទះនូវជំងឺទឹកនោមផ្អែមអស់ជាច្រើនឆ្នាំ ហើយជំងឺមួយនេះបានបណ្តាលអោយលោកឈានទៅដល់ការខូចក្រលៀន ក្នុងពេលដែលតារាកំប្លែងរូបនេះក៏ត្រូវបានក្រុមគ្រូពេទ្យរកឃើញជំងឺទឹកដក់ក្នុងសួតផងដែរ ។
ក្នុងវ័យ៤៥ឆ្នាំ និងការកើតជំងឺខាងលើនេះ នាយតាក់ ស៊ី ត្រូវបានក្រុមគ្រូពេទ្យតម្រូវឲ្យមានជម្រើសចុងក្រោយពីរ គឺទីមួយត្រូវលាងឈាមពេញមួយជីវិត ដោយធ្វើឡើងមួយអាទិត្យចំនួន៣ដង និងជម្រើសទី២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី ។
កាលពីអំឡុងចុងឆ្នាំ២០២៤ តារាកំប្លែកនាយ តាក់ស៊ី ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាការៈជំងឺទឹកនោមរបស់លោកបានធ្វើទុក្ខកាន់តែខ្លាំង ខណៈពេលដែលស្ថានភាពបែបនេះមិនមែនជាលើកទីមួយទេ ពោលកន្លងមកលោកត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យភ្លាមៗដូចគ្នា នៅពេលស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ។
ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០២២ កន្លងទៅ តារាកំប្លែងរូបនេះ ក៏ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីលោកបានជួបប្រទះជំងឺខ្វះឈា.មក្រហមខ្លាំង ដែលធ្វើឲ្យលោកមានអាការៈងងឹតមុខ និងសន្ល.ប់ជាច្រើនដង ។ អ្វីដែលរឹតធ្វើឲ្យរូបលោក និងក្រុមគ្រួសារកាន់តែបារម្ភទៀតនោះ គឺលោកក៏មានពើបប្រទះជំងឺខូចតម្រង់នោមធ្ងន់ធ្ងរផងដែរ ដែលជំងឺទាំង២មុខនេះតម្រូវឲ្យលោកធ្វើការបញ្ចូលឈា.មជាច្រើនលើក ។
គិតមកដល់ពេលនេះ តារាកំប្លែងនាយ តាក់ស៊ី បានផ្ទុកនូវជំងឺទឹកនោមផ្អែមជាង១០ឆ្នាំមកហើយ ខណៈពេលកន្លងមកដោយសារតែជំងឺមួយនេះបានរួមរឹត និងធ្វើទុក្ខដល់រូបលោកយ៉ាងខ្លាំងរហូតធ្វើឲ្យត្រូវបង្ខំចិត្តផ្អាកការសម្តែងមួយរយៈសម្រាប់យកពេលព្យាបាលជំងឺនៅផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង