រោងចក្រផលិតពូកសុខភាពក្រុមហ៊ុន JASMINE ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអគ្គិឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា នៅ ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ រោងចក្រផលិតពូកសុខភាពក្រុមហ៊ុន JASMINE ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអគ្គិឆាបឆេះសន្ធោសន្ធៅ ។
ដោយឡែកការឆាបឆេះនេះ ពុំទាន់ត្រូវបានដឹងថា បណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដនៅនៅឡើយទេ ប៉ុន្តែបើតាមកម្មករ ដែលបម្រើការងារនៅក្នុងនោះ បានអះអាងថា បណ្ដាលមកពីការផ្ទុះបំពង់ពន្លត់អគ្គិភ័យ បង្កជាអណ្ដាតភ្លើង ធ្លាក់លើអេប៉ុងសម្រាប់ផលិតពូក ហើយក៏មានការឆាបឆេះយ៉ាងឆាប់រហ័សតែម្ដង ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ មានកម្មករ កម្មការិនី ប្រមាណជាង១០០នាក់ កំពុងបម្រើការរងារ នៅក្នុងរោងចក្រនោះ ដោយមិនទាន់ឈប់សម្រាកនៅឡើយ គឺកម្មករ ត្រូវធ្វើការរហូតដល់វេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃដដែលទើបចេញ។ ប៉ុន្តែនៅក្នុងខណៈពេលមានភ្លើងឆេះរោងចក្រនោះ កម្មករ កម្មការិនីទាំងអស់ បាននាំគ្នារត់ចេញក្រៅរួចដោយសុវត្ថិភាពទាំងអស់គ្នា ហើយជាជំហានដំបូង នៅពុំទាន់ទទួលបានព័ត៌មានថា មានអ្នករងរបួស ឬអត់នៅឡើយទេ ។
សមត្ថកិច្ច បានប្រាប់បន្តទៀតថា នៅពេលកើតហេតុភ្លាម កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចេញទៅអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ចេញទៅពន្លត់ភ្លើងជាបន្តបន្ទាប់។ ប៉ុន្តែទោះបីជាយ៉ាងណារោងចក្រនេះទំនងជាត្រូវភ្លើងឆាបឆេះទាំងស្រុងហើយ ព្រោះអំណាច នៃការឆាបឆេះខ្លាំង និងឆាប់រហ័សខ្លាំងណាស់ ។
សូមបញ្ជាក់ថា ថៅកែក្រុមហ៊ុនពូកសុខភាព JASMINE នេះឈ្មោះ សុខ ហេង ភេទស្រី គាត់បានរងគ្រោះព្រោះអគ្គិភ័យ២លើក មកហើយ ដោយកាលពីអំឡុងឆ្នាំ២០២៤ ភូមិគ្រឹះរបស់គាត់ ត្រូវអគ្គិឆាបឆេះសន្ធោសន្ធៅ បំផ្លាញស្ទើរទាំងស្រុងម្ដងរួចមកហើយ។ ខណៈនោះ បានបង្កឲ្យខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ លុះមកដល់ពេលនេះ រងគ្រោះជាលើកទី២ទៀត គឺអគ្គិភ័យបានឆាបឆេះរោងចក្រផលិតពូកបែបនេះ តែម្ដង ។
កម្មករ បាននិយាយថា ខណៈដែលពួកគាត់កំពុងធ្វើការសុខៗ និងនៅតែរយៈពេលជាងកន្លះម៉ោងទៀតប៉ុណ្ណោះ ដល់ពេលចេញហើយ ស្រាប់តែផ្ទុះបំពង់ពន្លត់អគ្គិភ័យនៅក្នុងរោងចក្រលាន់ដូចគ្រាបបែក បង្កជាអណ្ដាតភ្លើង ធ្លាក់លើអេប៉ុងសម្រាប់ផលិតពូក ហើយក៏មានការឆាបឆេះសន្ធោសន្ធៅបែបនេះតែម្ដង ហើយមិនអាចជួយពន្លត់ទាន់ទេ ព្រោះវាឆេះលឿនពេក ដូច្នេះពួកគាត់ក៏បាននាំគ្នារត់ចេញក្រៅទាំងព្រលឹងចុងសក់គ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង